(ភ្នំពេញ)៖ បន្ទាប់ពីទទួលរងការលិចលង់ដោយសារទឹកជំនន់ ហូរធ្លាក់ពីប្រទេសឡាវ ក្រោយបាក់ទំនប់សេពាន សេណាំណយ ការិយាល័យបោះឆោតចំនួនពីរ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានទទួលផលប៉ះពាល់ ប៉ុន្តែវាមិនធ្ងន់ធ្ងរនោះទេ គឺនៅតែអាចដំណើរការក្នុងថ្ងៃបោះឆ្នោតជាធម្មតា។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ។
លោក ហង្ស ពុទ្ធា បានថ្លែងយ៉ាងដូច្នេះថា៖ «ទឹកជំនន់នៅខេត្តស្ទឹងត្រែង គឺប៉ះពាល់តែពីរការិយាល័យតែប៉ុណ្ណោះ គឺការិយាល័យលេខ០០២៦ និងការិយាល័យលេខ០០៦៧ ប៉ុន្តែបើស្តាប់ទៅដូចជា ប៉ះពាល់ធំសម្រាប់ គ.ជ.ប ធ្វើការប្រមើលទៅ គឺអត់ប៉ះពាល់ផង ប៉ុន្តែអ្វីដែរគួរឱ្យព្រួយបារម្ភ គឺការធ្វើដំណើររបស់ប្រជាពលរដ្ឋមកបោះឆ្នោត»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ហើយការបោះឆ្នោតនេះ ធ្វើឡើងតែរយៈពេលមួយថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីម៉ោង០៧៖០០នាទីព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល។
អាជ្ញាធរខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះថា មកដល់ពេលនេះ ទឹកទន្លេសាកុង នៅតែបន្តកើនឡើង និងបានវាយប្រហារចូលក្រុងស្ទឹងត្រែងហើយ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ អាជ្ញាធរខេត្តក៏បានជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ទៅរកទីទួលសុវត្ថិភាពផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានបញ្ជាក់ថា មកដល់ម៉ោង ៦៖១៥ នាទីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់១២.៤០ម៉ែត្រហើយ ដោយកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ១១.៥០ម៉ែត្រប៉ុណ្ណោះ៕