(ភ្នំពេញ)៖ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមពន្លត់អគ្គិភ័យដោយឥតគិតថ្លៃបាន១៩ករណី ត្រឹម៧ខែឆ្នាំ២០១៨។
ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យ ខ្មែរ ប៊ែវើរីជីស ពន្លត់ភ្លើងឆេះផ្ទះបាន៨ករណី ទីចាក់សំរាម៤ករណី ឃ្លាំងរបស់ប្រជាពលរដ្ឋ៣ករណី ក្រុមហ៊ុនឯកជន២ករណី ផ្សារ១ករណី និងវត្តអារាម១ករណី។សោកនាដកម្មទាំង១៩ករណី កើតឡើងនៅក្នុងខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ។
នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា «ខ្មែរ ប៊ែវើរីជីស សម្រេចដាក់រថយន្តពន្លត់អគ្គិភ័យរបស់ខ្លួន ពន្លត់អគ្គិភ័យជាសាធារណៈ ដោយឥតបង់ថ្លៃ ដោយសារក្រុមហ៊ុនមើលឃើញថា បេសកម្មរបស់កងពន្លត់អគ្គិភ័យ គឺចូលរួមបរិច្ចាគយ៉ាងធំធេងមកដល់សង្គម។ កងពន្លត់អគ្គិភ័យមិនត្រឹមតែជួយសង្គ្រោះលំនៅឋានពីមហន្តរាយនៃភ្លើងឆេះនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសង្គ្រោះជីវិតមនុស្សសត្វនៅក្នុងលំនៅឋាននោះផងដែរ»។
ឆ្លៀតពេលនោះ លោកក៏ថ្លែងអរគុណទាំងបុគ្គលិកពន្លត់អគ្គិភ័យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងកងពន្លត់អគ្គិភ័យទាំងអស់ទូទាំងប្រទេស ដែលក្លាហានចូលពន្លត់ភ្លើងឆេះផ្ទះ ទាំងតូចទាំងធំ មិនថាថ្ងៃ ឬយប់ ជូនប្រជាពលរដ្ឋ។
ក្រៅពីជួយពន្លត់ភ្លើងឆេះផ្ទះដោយឥតគិតថ្លៃ រថយន្តពន្លត់អគ្គិភ័យ ខ្មែរ ប៊ែវើរីជីស ត្រូវបានបង្វែរទៅដឹកទឹកស្អាតចែកជូនពលរដ្ឋ ដែលរង់គ្រោះដោយសារភាពរាំងស្ងួតនៅខេត្តកំពត និងខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៦ និងប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ កក្កដា ២០១៨ កន្លងទៅថ្មីៗនេះ៕