(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការខកចិត្តចំពោះ សភាតំណាងរាស្រ្តអាមេរិក ដែលបានអនុម័តច្បាប់ «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨» ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលកម្ពជា។
សេចក្តីថ្លែងការណ៍រដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ដែលសភាតំណាងរាស្រ្ត អាមេរិកបានអនុម័ត "ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨" កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ នេះសបញ្ជាក់ពី "ទង្វើនៃការបំពាន" ដោយស្តង់ដា "អ្នកធំមិនចេះខុស" ហើយទង្វើនេះស្មើនឹងការប្រកាសនូវអរិយភាពប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់នៃប្រទេសមួយ ដែលមិនអាចសះជាបាន»។
រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា នយោបាយការបរទេសរបស់កម្ពុជាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងគោលការណ៍សន្តិសហ វិជ្ជមាន ហើយយើងតែងតែ «ស្វែងរកមិត្តនិងមិនចងសត្រូវជាមួយប្រទេសណាមួយនោះទេ»។ ផ្ទុយទៅវិញ ដូចបណ្តារដ្ឋអធិបតេយ្យនានាដែរ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរមិនងាករេក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា ប្រឆាំងនឹងការបំពារបំពាន ឬការជ្រៀតជ្រែកពីសំណាក់ស្ថាប័នបរទេស ទោះបីជាក្រោមលេសណាមួយឬកាលៈទេសៈណាក៏ដោយ។
រដ្ឋសភាបានបន្តទៀតថា ច្បាប់នេះ គឺជាគម្រោងការមួយទៀត ដែលបានរៀបចំទុកជាមុនរបស់សភាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីវាយប្រហារជាប្រព័ន្ធប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងពីការ បោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយដែលបានបដិសេធមិនដើរតាមភូមិសាស្ត្រ នយោបាយរបស់អាមេរិក។ ការវាយប្រហារនេះមានគោលដៅដាក់ទណ្ឌកម្មចំពោះរដ្ឋឯករាជ្យ ដែលមានឥរិយាបទមិនគោរពតាមការបញ្ជារបស់ពួកគេ ហើយបំផ្លាញនូវភាពជឿជាក់លើការបោះឆ្នោតជាសកលនៅកម្ពុជា ដែលនឹងរៀបចំក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
សេចក្តីថ្លែងការណ៍រដ្ឋសភា បានអះអាងថា ការវាយប្រហារបានចាប់ផ្តើមឡើង នៅពេលដែលរដ្ឋាភិបាលស្របច្បាប់កម្ពុជា បានចាត់វិធានការ ប្រឆាំងនឹងតួអង្គនយោបាយដែលមានទំនោរគាំទ្រ មិនប្រឆាំងនឹងការជ្រៀតជ្រែក និងស្តាប់តាមការបង្គាប់បញ្ជារបស់ពួកគេ ទោះបីជាតួអង្គទាំងនោះបានធ្វើទង្វើខុសច្បាប់ និងមិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីដណ្តើមអំណាចយ៉ាងណាក៏ដោយ។ ច្បាប់នេះបដិសេធទាំងស្រុងនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដៃគូទ្វេភាគី ដែលឈរលើមូលដ្ឋានគ្រឹះនៃការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការមិនជ្រៀតជ្រែកគ្នា។
លើសពីនេះទៀត ខ្លឹមសារនៃច្បាប់នេះមានចរិករំខានថែមទៀត នៅពេលដែលបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ បានក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្មរបស់រដ្ឋមួយទៀតដោយផ្អែកលើការចោទប្រកាន់ដែលគ្មានមូលដ្ឋានត្រឹមត្រូវ។ នេះជាការបំពានយ៉ាងកម្រោលលើគោលការណ៍អន្តរជាតិស្តីពីអធិបតេយ្យភាព សមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋដទៃ។
សេចក្តីថ្លែងការណ៍រដ្ឋសភាគូសបញ្ជាក់ប្រាប់អាមេរិកថា៖ ក្នុងនាមជាតំណាងរបស់ប្រជាពលរដ្ឋ តំណាងរាស្ត្រអាមេរិកត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋខ្លួន ជាពិសេសក្នុងការដោះស្រាយបញ្ហាចន្លោះប្រហោងនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួន។
ដើម្បីឆ្លុះបញ្ចាំងនូវស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទិ្ធមនុស្សរបស់អាមេរិកនាពេលបច្ចុប្បន្ន «របាយការណ៍អំពីភាពក្រីក្របំផុត និងសិទ្ធិមនុស្សរបស់អ្នករាយការណ៍ពិសេសក្នុងបេសកកម្ម របស់លោកទៅកាន់សហរដ្ឋអាមេរិក" ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីខែឧសភា ឆ្នាំ២០១៨ ដែលសហរដ្ឋអាមេរិកបានដកខ្លួនពីក្រុមប្រឹក្សានេះដោយគ្មានការអៀនខ្មាស បានសរសេរថា៖
* មូលដ្ឋានចម្បងនៃសង្គមអាមេរិកគឺលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានបន្ទុចបង្អាក់បន្តិចម្តងៗ ដូចជាសិទ្ធិរបស់បុគ្គលដើម្បីចូលរួមក្នុងសកម្មភាពនយោបាយ ដែលត្រូវបានការពារដោយមាត្រា២៥ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ គោលការណ៍នៃប្រជាពលរដ្ឋម្នាក់ សម្លេងឆ្នោតមួយ គឺមានតែនៅក្នុងទ្រឹស្តីទេ ហើយគោលការណ៍នេះបានឃ្លាតឆ្ងាយពីស្ថានភាពពិតនៃការអនុវត្តជាក់ស្តែង។
* ".........នៅសហរដ្ឋអាមេរិក មានការដកហូតសិទ្ធិបោះឆ្នោតជាចំហរជាង៦លាននាក់ដែលជាឧក្រិដ្ឋជន ឬអតីតឧក្រិដ្ឋជន ហើយភាគច្រើនលើសលុបជាពលរដ្ឋស្បែកខ្មៅ ពីព្រោះទង្វើរបស់ពួកគេទាំងនោះ ជារឿយៗត្រូវបានក្លាយជាកម្មវត្ថុនៃការដាក់ទោស.....។ បន្ទាប់មក មានការដកហូតសិទ្ធិបោះឆ្នោត ដែលរួមមាន៖ ការរៀបចំតំបន់បោះឆ្នោត ដែល មានចេតនាផ្តល់បុព្វសិទ្ធិដល់ក្រុមអ្នកបោះឆ្នោតពិសេសមួយចំនួន ការដាក់លក្ខខណ្ឌ តម្រូវក្លែងក្លាយឬមិនចាំបាច់លើអត្តសញ្ញាណរបស់អ្នកបោះឆ្នោត ការបំភ័ន្តទីតាំង ការិយាល័យបោះឆ្នោត ការផ្លាស់ប្តូរទីតាំងការិយាល័យនៃនាយកដ្ឋានទទួលបន្ទុកចេញប័ណ្ណសម្គាល់អត្តសញ្ញាណដើម្បីធ្វើឲ្យលំបាកដល់ក្រុមមួយចំនួន និងការបង្កើនឧបសគ្គ ក្នុងការបោះឆ្នោតជាទូទៅជាពិសេសសម្រាប់ពលរដ្ឋដែលមិនមានធនធាន។ លទ្ធផលពិតប្រាកដគឺថា ពលរដ្ឋដែលរស់នៅក្នុងភាពក្រីក្រ ជនជាតិភាគតិច និងក្រុមដែលមិនពេញចិត្តផ្សេងទៀត ត្រូវបានដកហូតសិទ្ធិក្នុងការបោះឆ្នោត។
* រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា សហរដ្ឋអាមេរិកមានអត្រានៃអ្នកបោះឆ្នោតទាប បំផុតក្នុងចំណោមប្រទេសអភិវឌ្ឍ ដែលមានត្រឹមតែ៥៥,៧ភាគរយនៃចំនួនអ្នកមានសិទ្ធិ បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៦កន្លងមក.....។ អត្រានៃអ្នកទៅបោះឆ្នោតទាបនេះ អាចបកស្រាយបានថា លទ្ធផលនៃការបោះឆ្នោតគឺមិនមានឥទ្ធិពលអ្វីលើជីវភាពរបស់ពលរដ្ឋក្រីក្រនោះឡើយ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មី អំពីជំហរមិនងាករេចំពោះការប្តេជ្ញាចិត្ត បន្តដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ ហើយកម្ពុជានឹងរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកបដោយលក្ខណៈសេរី តម្លាភាព សណ្តាប់ធ្នាប់ល្អ និងសន្តិភាព។
សភានៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ មេត្តាប្រកាន់ជំហរមិនលំអៀង ដោយចៀសវាងការធ្វើបុរេវិនិច្ឆ័យចំពោះគុណភាពសម្លេងឆ្នោតនិងការបោះឆ្នោត ដែលមានការប្រកួតប្រជែងតាមលក្ខណៈពហុបក្ស ហើយសូមឲ្យគាំទ្រកម្ពុជាបន្តដើរទៅតាមផ្លូវ ឆ្ពោះទៅកាន់ប្រជាធិបតេយ្យ សន្តិភាព នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនមានការរារាំង៕
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសេចក្តីថ្លែងការណ៍រដ្ឋសភាកម្ពុជា៖