(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានប្រារព្ធកម្មវិធី 2018 Quiz on Korea វគ្គដំបូងនៅក្នុងប្រទេសកម្ពុជា ក្នុងការស្វែងរកម្ចាស់ជ័យលាភីលេខ១ តំណាងឲ្យកម្ពុជា ដែលមានសមត្ថភាព និងចំណេះដឹងផ្សេងៗ ដើម្បីបន្តចូលរួមប្រឡងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Quiz on Korea នៅប្រទេសកូរ៉េ។
កម្មវិធីនេះដែរ ដែលមានការចូលរួមពីលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា នៅក្នុងសាលពហុបំណង(Multi-Purpose Hall) នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅវេលាម៉ោង១៥៖០០រសៀល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ដែលក្នុងនោះបេក្ខជន បេក្ខនារីមានចំនួន ១១៦នាក់ ត្រូវជំរុះយកម្ចាស់ជ័យលាភីលេខ១ប្រចាំនៅកម្ពុជា ដើម្បីបន្តដំណើរចូលរួមប្រឡងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Quiz on Korea នៅប្រទេសកូរ៉េ ជាមួយនិង ២១ប្រទេសទូទាំងបណ្ដាលពិភពលោកផងដែរ។
សម្រាប់ការប្រកួតប្រជែងជ្រើសរើសនៅក្នុងប្រទេសកម្ពុជានេះដែរ ដែលមានបេក្ខជន បេក្ខនារីជាប់ជ័យលាភី៣រូប រួមមាន៖ លេខ៣ គឺបានទៅលើបេក្ខជនឈ្មោះ ប៊ុន គង់ហ័ន, លេខ២បានទៅលើបេក្ខនារីឈ្មោះ ជា សិកាវឌី និងជ័យលាភីលេខ១ ដែលត្រូវបន្តចូលរួមប្រឡងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Quiz on Korea នៅប្រទេសកូរ៉េ បានទៅលើបេក្ខនារីឈ្មោះ ថន រិទ្ធសៀវយី។
ក្នុងនោះដែរ ម្ចាស់ជ័យលាភីដែលត្រូវបានជ្រើសរើសនៅក្នុងប្រទេសនីមួយៗ នឹងទទួលបានឱកាសចូលរួមក្នុងដំណើរទេសចរណ៍នារដូវស្លឹកឈើជ្រុះនៅក្នុងប្រទេសកូរ៉េ និងមានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រារព្ធឡើងនៅក្នុងប្រទេសកូរ៉េផងដែរ។
លោក អូ ណាក់យ៉ុង ឲ្យក្នុងកម្មវិធីនេះថា តាមរយៈការឆ្លើយសំណួរពិបាកៗបានយ៉ាងត្រឹមត្រូវ ដែលសូម្បីតែជនជាតិកូរ៉េ ក៏មិនងាយនឹងឆ្លើយបានត្រឹមត្រូវផងដែរនោះ បានបង្ហាញយ៉ាងច្បាស់អំពីសេចក្តីស្រលាញ់របស់អ្នកទាំងអស់ចំពោះប្រទេសកូរ៉េ។
លោកបានលើកឡើងថា «ក្រោមការចាប់អារម្មណ៍ និងក្តីស្រលាញ់ចូលចិត្តវប្បធម៌កូរ៉េ ពីសំណាក់អ្នកទាំងអស់គ្នា កម្មវិធី Quiz on Korea តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំយ៉ាងអធិកអធមនោះ ខ្ញុំសង្ឃឹមថាទៅថ្ងៃអនាគត យើងអាចធ្វើការស្វែងយល់ និងផ្លាស់ប្តូរវប្បធម៌រវាងគ្នាទៅវិញទៅមក ព្រមទាំងធ្វើការស្វែងយល់អំពីគ្នាឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត»៕