(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣គ្រឿង រថយន្តតូច២គ្រឿង, អ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ មិនគោរពសិទ្ធិ, ប្រជែង និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថា រយៈពេល២៦ថ្ងៃ ខែកក្កដា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៨៣លើក បណ្ដាលឲ្យមនុស្សស្លាប់១០៧នាក់ របួសធ្ងន់ចំនួន១៦៨នាក់ និងរបួសស្រាលចំនួន១១៩នាក់៕