(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​​អគ្គមេបញ្ជាការរង នាយស្តីទីសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការស្តីទីកងទ័ពជើងគោក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ​ បានអញ្ជើញ​សំណេះសំណាល ប្រកាសមុខងារ និងបំពាក់ឋានន្តរស័ក្ក ជូននាយទាហាន នៅបញ្ជាការយោធភូមិភាគទី៥។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​អបអរសាទរនាយទាហានទាំងអស់ ដែលបានទទួលនូវឋានន្តរស័ក្ក ដែលព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក និងយោធភូមិភាគទី៥ បានប្រគល់ការទុកចិត្ត និងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់នាយទាហានទាំងអស់ ក្នុងការបំពេញភារកិច្ច តាមរយៈការដំឡើងឋានន្តរសក្កិ និងមុខងារ ដែលនេះគឺជាការផ្ដល់តម្លៃ និងការលើកទឹកចិត្តដល់នាយទាហាន។

លោកឧត្តមសេនីយ៍ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមេបញ្ជាការ ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដែលបានយកចិត្តទុកដាក់ ក្នុងការខិតខំបំពេញភារកិច្ច ដើម្បីសុខសន្តិភាពប្រជាពលរដ្ឋ និងការវាយតម្លៃ តាមរយៈអតីតភាពការងាជំនាញ សមត្ថភាពការងារ ឆន្ទៈ និងការទទួលខុសត្រូវ ដែលនេះគឺជាការលើកទឹកចិត្តដល់នាយទាហាន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ តាមរយៈការផ្ដល់នូវឋានន្តរស័ក្ក និងមុខងារ ការលើកទឹកចិត្ត និងគោលនយោបាយផ្សេងៗ ដោយផ្ដោតទៅលើគោលដៅ២ គឺកិត្តិយស និ​ងជីវភាពដែលធានានិរន្តរភាព ក្នុងការបំពេញភារកិច្ច និងផ្ទេរភារកិច្ចទៅដល់មនុស្សជំនាន់ក្រោយ ក្នុងការថែរក្សាសុខសន្តិភាព និងបុព្វហេតុការពារជាតិមាតុភូមិ»។​

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកស្ដីទីរូបនេះ បានលើកឡើងថា នាយទាហានរបស់យើងមានការផ្ទេរបទពិសោធន៍ ពីទាហានជំនាន់មុន និងបន្ទាប់ពីនេះទៅ នាយទាហានជំនាន់នេះផ្ទេរទៅនាហាន ពលទាហាន ជំនាន់ក្រោយៗទៀត។ សូមនាយទាហានវ័យចំណាស់ ដែលមានបទពិសោធន៍ ជួយណែនាំតម្រង់ទិសនាយទាហានបន្តវេន ការតែងតាំងត្រូវពិនិត្យលក្ខណៈសម្បត្តិ បទពិសោធន៍ការងារ អតីតភាពការងារ។ យើងរួមគ្នា និងលះបង់របស់បុគ្គល ដើម្បីផលប្រយោជន៍រួម។

យ៉ាងណាមិញ លោក ហ៊ុន ម៉ាណែត បាន​ថ្លែងអំណរគុណនាយទាហាន ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការជើងគោក ភូមិភាគ ដែលបានខិតខំរកដំណោះស្រាយ លើកទឹកចិត្តជូន នាយទាហាន និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច មានភាពស្មោះត្រង់ ចំពោះរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ ដែលនាយទាហាន ពលទាហានប្រកាន់ខ្ជាប់ក្នុងនាមជាកងទ័ព ដែលនេះគឺជាគោលដៅធំ របស់កងកម្លាំងប្រដាប់អាវុធ ចំពោះសុខសន្តិភាពជាតិ៕