(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានកោះប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយផែនការចាំបាច់ ដែលទទួលបានពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក្នុងកំឡុងពេលបោះឆ្នោត ដែលខិតជិតមកដល់។
កិច្ចប្រជុំនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានសមាសភាពចូលរួម លោក-លោកស្រី គណៈស្នងការ អនុប្រធានផែន នាយការិយាល័យជំនាញទាំង៣១ អធិការស្រុក-ក្រុងទាំង១០ សរុបចំនួន៦៤នាក់។
បើតាមលោកឧត្ដមសេនីយ៍ស្នងការ កិច្ចប្រជុំនេះបានផ្សព្វផ្សាយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹងនៅមួយថ្ងៃ មុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨, សេចក្ដីណែនាំអំពីការប្រើប្រាស់មធ្យោបាយ សម្ភារ និងសកម្មភាពមន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលជាតិ ក្នុងដំណើរការឃោសនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងលទ្ធផលការងារពាក់ព័ន្ធការងារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងកំឡុងពេលយុទ្ធនាការឃោសនាការបោះឆ្នោតកន្លងមក។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានក្រើនរលឹកដល់កងកម្លាំងគ្រប់រូប ត្រូវពិនិត្យមើលសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងតួនាទីជាអ្នកផ្ដល់សេវា និងបម្រើសេវាជូនប្រជាពលរដ្ឋ។ បន្ថែមការយកចិត្តទុកដាក់ ក្នុងការពង្រឹងសន្តិសុខ ពិសេសការគ្រប់គ្រងអាវុធជាតិផ្ទុះ ឲ្យបានល្អប្រសើរបន្ថែមទៀត៕