(ភ្នំពេញ)៖ គណបក្សនយោបាយចំនួន៧ នឹងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ ដែលជាថ្ងៃបិទបញ្ចប់ នៃការឃោសនា ដោយមានអ្នកចូលរួមសរុបជាង៣២ម៉ឺននាក់។ នេះបើយោងតាមលិខិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
បើតាមលិខិតរបស់ គ.ជ.ប រាជធានីភ្នំពេញ បានឲ្យដឹងថា គណបក្សនយោបាយទាំង៧នោះរួមមាន ទី១៖ គណបក្សប្រជាជនកម្ពុជា មានអ្នកចូលរួមចំនួន២៥០,០០០នាក់, ទី២៖ គណបក្សខ្មែរក្រោក មានអ្នកចូលរួមចំនួន៣៨០នាក់, ទី៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានអ្នកចូលរួមចំនួន៥០,០០០នាក់, ទី៤៖ គណបក្សសញ្ជាតិកម្ពុជា មានអ្នកចូលរួមចំនួន២០,០០០នាក់, ទី៥៖ គណបក្សហ៊្វុនស្វ៊ុនប៉ិច មានអ្នកចូលរួមចំនួន១,៥០០នាក់, ទី៦៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានអ្នកចូលរួម១០០នាក់ និងទី៧៖ គណបក្សខ្មែររួបរួមជាតិ មានអ្នកចូលរួមចំនួន៤៥០នាក់។
គ.ជ.ប ក៏បានបញ្ជាក់ថា ការធ្វើយុទ្ធនាការឃោសនានៅថ្ងៃចុងក្រោយនេះ គណបក្សនយោបាយទាំង៧នេះ នឹងប្រើប្រាស់មធ្យោបាយចូលរួមសរុបចំនួន៨៨,៤៨៧គ្រឿង ដោយក្នុងនោះមានទាំងរថយន្ដ ម៉ូតូកង់បី និងម៉ូតូ៕