(ភ្នំពេញ)៖ មានរហស្សនាមថា ជាបុរសខ្លាំងរបស់កម្ពុជា នាយករដ្ឋមន្រ្តី ហ៊ុន សែន បានកាន់តំណែងនាយករដ្ឋមន្ត្រីនៃ ប្រទេសកម្ពុជាតាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ មកម៉្លេះ ហើយលោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាបន្តទៀត ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។ ក្នុងរយៈពេលជិត៤០ឆ្នាំនៃការដឹកនាំប្រទេសកម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា ក្នុងនោះនាយករដ្ឋមន្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំកម្លាំងប្រឆាំង នឹងរបបខ្មែរក្រហមក្រោមការជួយគាំទ្រពី កងទ័ពស្ម័គ្រវៀតណាមរំដោះជាតិ និងប្រជាជនខ្មែរចេញពីរបប ប្រល័យពូជសាសន៍ខ្មែរក្រហម និងបន្ទាប់មកទៀតនាំយកសុខ សន្តិភាពពេញលេញ ការឯកភាពជាតិ និងឯកភាពទឹកដីតាមរយៈ នយោបាយឈ្នះឈ្នះ រំលាយអង្គការចាត់តាំងនយោបាយ និង យោធាខ្មែរក្រហម និងបានបង្រួមបង្រួមនិងផ្សះផ្សាជាតិខ្មែរទាំងមូល ដែលបានបែកបាក់គ្នាជាយូរមកហើយឱ្យស្ថិតក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្ររួមគ្នា មាន រដ្ឋាភិបាលតែមួយ និងកងទ័ពតែមួយ។
ក្រោមដំបូលនៃសន្តិភាព និងសាមគ្គីជាតិខ្មែរ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងមានកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ប្រចាំឆ្នាំ កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសដែលក្រីក្រតោកយ៉ាក មកជាប្រទេសមានចំណូល មធ្យមកម្រិតទាប និងមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយក្លាយជាប្រទេសមានចំណូលខ្ពស់នៅអំឡុង ឆ្នាំ២០៥០។ សមិទ្ធិផលជាច្រើនត្រូវបានកសាងឡើង និងធ្វើឱ្យកម្ពុជាបោះជំហានទៅមុខជានិច្ចក្នុងកិច្ចអភិវឌ្ឍជាតិ។
ជាមួយគ្នានេះពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាបានដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកក្នុងនោះកម្ពុជា បានប្រែពីប្រទេសដែលទទួលកងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបញ្ជូនកងទ័ពមួកខៀវ ទៅចូលរួមថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់ អ.ស.ប។
កម្ពុជាបានកាន់កាប់តំណែងសំខាន់ៗលំដាប់ពិភពលោកដូចជា ក្លាយជាសមាជិក ECOSOC និងជាអនុប្រធានមហាសន្និបាត ពិភពលោកលើកទី៧៣ ជាដើម។ កម្ពុជាបានដើរតួនាទីស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានា និងជាប្រទេសមួយដែលមានឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី ស្របតាមធម្មនុញ្ញនៃ អ.ស.ប។ជាមេដឹកនាំដែលពោរពេញដោយសមត្ថភាពបទពិសោធន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ និងជាអ្នកមានទេពកោសល្យខ្ពស់ក្នុងវិស័យការទូត នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានពិភពលោក មើលឃើញនូវរូបភាពផ្សេងៗ ដែលពេលខ្លះគេថា នាយករដ្ឋមន្ត្រីលម្អៀងទៅរកលោកសេរី និងពេលខ្លះលម្អៀងទៅរកលោកកុម្មុយនិស្ត។ ពេលខ្លះគេមើលឃើញនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្និតជាមួយវៀតណាម ស្និតជាមួយប្រទេសចិន ស្និតជាមួយជប៉ុន និងស្និតជាមួយកូរ៉េខាងត្បូង ។ ពេលខ្លះគេមើលឃើញនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្និតជាមួយរុស្ស៊ី ស្និតជាមួយសហភាព អឺរ៉ុប ហើយក៏អាចស្និតស្នាលចាក់ទឹកមិនលិចជាមួយសហរដ្ឋអាមេរិកបាន ដូចគ្នាដែរ។ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជា ត្រូវការមិត្តពីគ្រប់ទិសទីលើពិភពលោកដើម្បីកម្ពុជារុងរឿង។
នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ហ៊ុន សែន របស់កម្ពុជា មិនមែនរបស់ប្រទេសណាមួយដាច់ខាត ហើយជាមិត្ត និងអាចស្និតជាមួយគ្រប់ប្រទេស ដើម្បីផលប្រយោជន៍របស់កម្ពុជា ប៉ុន្តែ ហ៊ុន សែន របស់កម្ពុជា ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក និងបង្គាប់បញ្ជាពីខាងក្រៅ។ កម្ពុជា អាចស្និតជាមួយគ្រប់ប្រទេស ហើយបរទេសមិនអាចបង្ខំកម្ពុជាឱ្យ ស្និទផ្តាច់មុខតែមួយ ជាមួយខ្លួន ហើយត្រូវតែចូលរួមធ្វើសត្រូវជាមួយប្រទេសផ្សេង ដែលជាសត្រូវរបស់បរទេសនោះបានឡើយ។ ជម្រើសនគរខ្មែរ ជាជម្រើសជាតិ ជម្រើសសន្តិភាព និងប្តេជ្ញាចិត្តបន្តលើផ្លូវប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមិនបំផ្លាញសន្តិភាព ដើម្បីជាតិមានជីវិត និងដើរទៅមុខជានិច្ច។ នេះហើយ គឺ ហ៊ុន សែន !ហ៊ុន សែន របស់កម្ពុជា និងប្រជាជនកម្ពុជាទាំងមូល!
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨