(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្រសួងយុត្តិធម៌ បានស្នើឱ្យស្ថាប័នអយ្យការចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពរបស់លោក ជូង ជូងី មេធាវីរបស់អតីតគណបក្សសង្រ្គោះជាតិ តាមការស្នើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើតុលាការរកឃើញទង្វើបំពានច្បាប់របស់ លោក ជូង ជូងី ជាអំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការនោះ លោក ជូង ជូងី នឹងប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ផងដែរ យោងតាមបញ្ញត្តិមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ នេះមិនទាន់គិតដល់ទោសផ្សេងទៀតដែលស្វែងរកឃើញដោយតុលាការ»។
សូមជម្រាថា កាលពីថ្ងៃទី២៤ ខែកក្កដាថ្មីៗនេះ លោក ជូង ជូងី ត្រូវបានគណបក្សប្រជាជនកម្ពុជា ស្នើទៅ គ.ជ.ប ចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ ការអំពាវនាវនេះ ធ្វើឡើងក្រោយលោក សម រង្ស៊ី ប្រធានចលនាសង្ក្រោះជាតិ បានធ្វើការអំពាវនាវប្រជាពលរដ្ឋឱ្យធ្វើពហិការ មិនទៅចូលរួមការបោះឆ្នោត និងការបំផុសជាបន្តបន្ទាប់អំពីយុទ្ធនាការម្រាមដៃស្អាត ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា។
យោងតាមមាត្រា៣៤ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត»។ មាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានចែងថា «ត្រូវផាកពិន័យជាប្រាក់ពី៥,០០០,០០០ (ប្រាំលាន)រៀល ទៅ២០,០០០,០០០ (ម្ភៃលាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖ រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត, ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
គ.ជ.ប បានសម្រេចផ្ញើលិខិតទៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ រួមទាំងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចាត់ការណ៍តាមផ្លូវច្បាប់លើលោក ជូង ជូងី ហើយគ.ជ.ប ក៏នឹងស្នើឱ្យបិទបណ្តាញសង្គម Facebook របស់បុគ្គលនេះផងដែរ ហើយមិនតែប៉ុណ្ណោះ គ.ជ.ប ក៏នឹងស្នើឱ្យប្រធានគណៈមេធាវី ពិនិត្យមើលក្រមសីលធម៌វិជ្ជាជីវៈមេធាវី ចំពោះលោក ជួង ជូងី ថែមទៀត៕