(ភ្នំពេញ)៖ ក្រុមហ៊ុន EZECOM ដែលជាដៃគូសេវាអ៊ីនធឺណិត របស់វិទ្យាស្ថាន IT Academy STEP សូមចូលរួមអបអរសាទរវិទ្យាស្ថាន ដែលបានរៀបចំ ពិធីសម្ពោធទីតាំងថ្មីរបស់ខ្លួន ស្ថិតក្នុងផ្សារទំនើបផេនសុល កាលពីពេលថ្មីៗ កន្លងទៅនេះ។ IT Academy STEP គឺជាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យាលំដាប់អន្តរជាតិ ដែលមានប្រតិបត្តិការនៅក្នុង ១៧ប្រទេសទូទាំងពិភពលោក។
នៅប្រទេសកម្ពុជា IT Academy STEP បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ហើយដោយសារចំនួននិស្សិត កើនឡើងជាបន្តបន្ទាប់ វិទ្យាស្ថានបានផ្លាស់ប្តូរទៅទីតាំងថ្មី ដែលធំទូលាយជាងមុន បំពាក់បរិក្ខារកាន់តែទំនើប ជាពិសេសមានការផ្គត់ផ្គង់អ៊ីនធឺណិតល្បឿនលឿនទាំងស្រុង ដោយក្រុមហ៊ុន EZECOM។
យោងតាមលោកស្រី Rodionova Nataly ប្រធានគ្រប់គ្រងវិទ្យាស្ថាន IT Academy STEP ប្រចាំប្រទេសកម្ពុជា ទីតាំងថ្មីនេះ មានទីធ្លាគ្រប់គ្រាន់ ដែលអាចឲ្យសាស្រ្តាចារ្យបង្រៀនសិស្សរហូតដល់ ២៨០នាក់ ក្នុងពេល ដំណាលគ្នា។ ជាមួយនឹងការអភិវឌ្ឍឈានឡើងនេះ លោកស្រីសង្ឃឹមថា វិទ្យាស្ថាន IT Academy STEP នឹងក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យា ដ៏ធំជាងគេមួយក្នុងកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាងបីឆ្នាំកន្លងមកនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលនិស្សិតប្រមាណជាង ៤០០នាក់ រួចមកហើយ ដោយភាគច្រើនចាប់យកមុខជំនាញបង្កើតសុហ្វវ៊ែរ (Software Development) និងរចនាក្រាហ្វិចកុំព្យូទ័រ (Computer Graphic and Design)។
វិទ្យាស្ថាន IT Academy STEP ប្រើប្រាស់កម្មវិធីសិក្សាបែបអន្តរជាតិ ហើយនិស្សិតត្រូវការស្រាវជ្រាវ និងប្រើប្រាស់កម្មវិធីលើអ៊ីនធឺណិតជាច្រើន ក្នុងការសិក្សា បន្ថែមលើការអនុវត្តិក្នុងថ្នាក់រៀន។ វិញ្ញាបនបត្រ ដែលចេញដោយវិទ្យាស្ថាន IT Academy STEP មានលក្ខណៈទទួលស្គាល់ជាអន្តរជាតិ ព្រោះបំពេញតាមស្តង់ដារ បណ្តុះបណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Microsoft, Cisco និង Autodesk ។
ក្រុមហ៊ុន EZECOM ជឿជាក់ថា វិទ្យាស្ថាន IT Academy STEP នឹងចូលរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យព័ត៌មានវិទ្យា ដែលជាមុខជំនាញប្រកបដោយសក្តានុពល ក្នុងយុគសម័យអ៊ីនធឺណិត និងប្រព័ន្ធឌីជីថល៕