(ក្រចេះ)៖ ព្រះតេជគុណ ធឹង ចន្ត្រា ព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃគង់នៅវត្តបាឆា ក្រុងក្រចេះ ខេត្តក្រចេះ បានថតវីដេអូឃ្លីបមួយ ដើម្បីផ្ញើសារបិណ្ឌបាតទៅដល់ញាតិញោមពុទ្ធបរិស័ទ្ធទាំងអស់រស់នៅកម្ពុជា ឲ្យអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អមួយរូប។
ក្នុងវីដេអូជាង៣នាទី ព្រះចៅអធិការវត្ត និងព្រះសង្ឃគង់នៅវត្តបាឆា បានមានសង្ឃដីកាថា «ខ្ញុំព្រះករុណា អាត្មា ចេញវីដេអូឃ្លីបនេះ ដើម្បីសុំបិណ្ឌបាតញោមញាតិពុទ្ធបរិស័ទ្ធគ្រប់រូប ដែលជាប្រជាពលរដ្ឋរស់ នៅក្នុងប្រទេសកម្ពុជា ដោយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាតួនាទីរបស់ញោមញាតិ ពុទ្ធបរិស័ទ្ធជាប្រជាពលរដ្ឋ សូមអញ្ជើញញោមគ្រប់គ្នា ទៅចូលរួមបោះឆ្នោតនៅអាណត្តិ ឆ្នាំ២០១៨នេះ ឲ្យបានគ្រប់ៗគ្នា ព្រោះដើម្បីបំពេញតួនាទី កាតព្វកិច្ចជាប្រជាពលរដ្ឋ ដោយសូម្បីតែព្រះសង្ឃក៏ទៅបោះឆ្នោតដែរ»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចំនួន២០ គណបក្សចូលរួមប្រកួតប្រជែង។ ការបោះឆ្នោតប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨តែមួយថ្ងៃគត់៕