(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចាត់ទុកការលើកឡើងរបស់ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ថា «អ្នកទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺសុទ្ធតែជាជនដែលគ្មានសតិគ្រប់គ្រាន់» ជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះព្រះមហាក្សត្រ ព្រះសង្ឃ និងប្រជាជនកម្ពុជា។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ លោក ហេង រតនា បានបញ្ជាក់ថា «ការលើកឡើងថា អ្នកទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺសុទ្ធតែជាជនដែលគ្មានសតិគ្រប់គ្រាន់! នេះជាការប្រមាថដល់ព្រះមហាក្សត្រដែលព្រះអង្គបានផ្តល់ព្រះឱវាទ ដល់ប្រជានុរាស្ត្រព្រះអង្គ ទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ពេញចិត្ត, ជាការប្រមាថដល់ព្រះថេរាអនុថេរ:គ្រប់អង្គ ដែលព្រះអង្គត្រូវនិមន្តទៅបោះឆ្នោត, ជាការប្រមាថដល់ប្រជាពលរដ្ឋ រួមមានចាស់ព្រឹទ្ធាចារ្យ លោកតាលោកយាយ អ៊ុ ពូមីង លោកគ្រូអ្នកគ្រូ ទេព្យ និស្សិត សិស្ស កម្មករ កម្មកានី កងកំលាំងប្រដាប់អាវុធ និងយុវជនរាប់លាននាក់ ដែលត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ! តើមនុស្សមានគំនិតនិងគតិនិយាយបែបនេះ សាកសមធ្វើជាដឹកនាំប្រជារាស្ត្រខែ្មរដែរ ឬទេ?»។
លោក ហេង រតនា បានវាយបកត្រឡប់ទៅទណ្ឌិត សម រង្ស៊ី ដែលសន្យាកាត់ដីកម្ពុជា៤ខេត្តឲ្យជនជាតិភាគតិចវៀតណាមថា ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ នឹងត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ មិនដូចអ្វីដែលទណ្ឌិតរត់ចោលស្រុក ចង់បាននោះឡើយ។
អគ្គនាយកស៊ីម៉ាក់រូបនេះ បានសង្កត់ធ្ងន់ថា «គ្មានសតិគ្រប់គ្រាន់ គឺជាមនុស្សឆ្កួតមែនទេ។ រង់ចាំទទួលលទ្ធផលជាមួយហ្វូងមហាជនរួមមានព្រះថេរាអនុថេរ: ប្រជាពលរដ្ឋខែ្មរគ្រប់ស្រទាប់ នឹងត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ២០១៨! ជនគ្មានសតិគ្រប់គ្រាន់ មិនអាចបោះឆ្នោតបានទេ។ ការប្រមាថកូនខ្មែរបែបនេះ នឹងនាំមកនូវការឈឺចាប់ចំពោះបុគ្គលនិងក្រុមរបស់ខ្លួនមិនខានឡើយ!»៕