(ភ្នំពេញ)៖ បន្ទាប់ពីផុតកំណត់នៃការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាលសរុប ៧៩.៦១២នាក់ មកពី១១២ស្ថាប័ន ដើម្បីចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។
ចំពោះការទទួលចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលបញ្ចប់នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិចំនួន ៣២២ នាក់ មកពីប្រទេស ស្ថាប័ន និងស្ថានទូតចំនួន ៤២ ក្នុងនោះរួមមាន AIPA-APA-ICAPP-CDI-EUROPEAN COUNCIL TOURISM និង TRADE-EUROPEAN COUNCIL ON INTERNATIONAL RELATIONS ។ ល ។
គ.ជ.ប ក៏កំពុងពិនិត្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២១៦នាក់ ទៀតមកពី ២៨ ស្ថាប័ន ក្នុងនោះមាន ជាអាទិ៍ CENTRIST DEMOCRAT INTERNATIONAL-RUSSIA CIVIC CHAMBER ។
យោងតាមប្រការ ៣.៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងរយៈពេលយ៉ាងយូរ ៣(បី) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យស្នើសុំ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ។
អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល គឺជាសាក្សីនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងត្រូវផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីការសង្កេតការណ៍ និងសេចក្តីសន្និដ្ឋានរបស់ខ្លួននៅក្នុងដំណើរការបោះឆ្នោត ផ្ញើជូន គ.ជ.ប បន្ទាប់ពីដំណើរការបោះឆ្នោតចប់សព្វគ្រប់៕