(ភ្នំពេញ)៖ ឆ្លើយតបនឹងការចេញសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក លោក រីឆាត សុន (Rechhard Son) ជាជនជាតិអាមេរិក ដែលកំពុងរស់នៅប្រទេសកម្ពុជា បានសម្តែងការឈឺចាប់ដែលស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភអំពីស្ថានការណ៍កម្ពុជាពេលបោះឆ្នោត។ លោកបានហៅសេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកថា ជា «Fake News»។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក រីឆាត សុន បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមានការឈឺចាប់ដែរ ដែលស្ថានទូតអាមេរិកបាននិយាយថា ស្រុកខ្មែរអត់មានសុវត្ថិភាព។ ខ្ញុំចង់ប្រាប់ទៅបងប្អូនអាមេរិកទាំងអស់គ្នាថា ប្រទេសខ្មែរមានសន្តិភាព ធ្វើដំណើរអត់មានបញ្ហា អត់ជួបនឹងបញ្ហាអ្វីទេ។ ខ្ញុំធ្លាប់ដើរលេងជិត១០០ប្រទេស អញ្ចឹងរឿងសន្តិភាពនេះ ខ្ញុំដឹងហើយថា កន្លែងណាមានសន្តិភាព កន្លែងណាអត់សន្តិភាព ហើយប្រទេសខ្មែរចង់មានសន្តិភាពជាប្រទេសដទៃផង»។
លោក រីឆាត បានបន្តថា៖ «រឿងស្ថានទូតអាមេរិកនិយាយ គេដាក់តាមវីដែអូថា កុំមកលេងប្រទេសខ្មែរ នេះគឺជា Fake News។ សម័យឥឡូវ គេល្បីណាស់ Fake News។ ឱ្យតែយើងបើក VOA និងវិទ្យុអ្វីផ្សេង ដែលនិយាយមិនល្អពីខ្មែរនោះមានន័យថាជា Fake News»។ លោកបានបន្តទៀតថា «ទោះបីជាប្រទេសខ្មែរមិនល្អឥតខ្ចោះ ប៉ុន្តែមានចំណុចមួយអន់មែន តែចំណុច៩ទៀតវាល្អ ប៉ុន្តែខ្ញុំក៏ឆ្ងល់ដែរថា ហេតុអ្វីក៏វិទ្យុ និងទូរទស្សន៍ VOA ហេតុអ្វីបានជាគេមិននិយាយរឿងល្អទាំង៩ គេទៅលើក១អត់ល្អ គឺមានល្អច្រើនជាងអាក្រក់»។
លោកដែលបានរស់នៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយនោះ បានប្រកាសថា លោកនឹងចូលរួមក្នុងការបោះឆ្នោតនៅកម្ពុជា។ លោកអំពាវនាវឱ្យភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាបន្តទៀត ហើយកុំជឿលើការឃោសនាថា កម្ពុជាស្ថានភាពមិនល្អពេលបោះឆ្នោត។
សូមបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនដំណឹងមួយ ដល់ពលរដ្ឋអាមេរិកដែលកំពុងរស់នៅ និងធ្វើដំណើរទេសចរមកប្រទេសកម្ពុជា ឱ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ខាងលើវីដេអូ លោក Rechhard Son សម្តែងការឈឺចាប់ដែលស្ថានទូតអាមេរិក ចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភ អំពីស្ថានការណ៍កម្ពុជាពេលបោះឆ្នោត ហើយបានហៅថា ដំណឹងនេះជា «Fake News»!