(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា សុទ្ធសឹងជាវីរជនដែលមានឧត្តមគតិស្នេហាជាតិខ្ពស់ និងតែងរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយនេះជាមូលហេតុចម្បងដែលធ្វើឲ្យ លោកសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
«ខ្ញុំមើលឃើញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដែលត្រូវនឹងបំណងរបស់ខ្ញុំ! គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដំបូង និងជាចុងក្រោយនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងបន្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារហូត ដើម្បីមានឱកាសបម្រើបងប្អូន និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យបានរុងរឿងដូចអារ្យប្រទេសនានាក្នុងពិភពលោក» លោក ប៉ាន សូរស័ក្តិ បានបន្ថែម។
ការប្តេជ្ញារបស់លោកប្រធាន បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោត នៅក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណ ជាង៣៥០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកយកប្រវត្តិតស៊ូរបស់គណបក្សប្រជាជនកម្ពុជា និងការធ្វើពលិកម្មធំធេងរបស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី សមាជិក សមាជិកាគណបក្ស ក្នុងការប្រយុទ្ធដណ្តើមយកមកវិញនូវឯកភាពជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពពេញបរិបូណ៌ ដែលកម្ពុជាបានបាត់បង់ អស់រយៈកាលជាង ៥០០ឆ្នាំមកហើយ។
លោកប្រធាន បានបន្តថ្លែងនូវសារនយោបាយ របស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់លើសមិទ្ធផលធំៗ និងស្នាដៃដឹកនាំ រយៈពេល៣៩ឆ្នាំ របស់គណបក្សក្នុងការស្តារ និងកសាងប្រទេសឡើងវិញ រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ អំពីគោលនយោបាយ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ដែលគោលនយោបាយទាំងអស់នេះ គឺជាចក្ខុវិស័យ និងផែនការសកម្មភាព សម្រាប់គណបក្សត្រូវបន្តអនុវត្តន៍ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាពរបស់ប្រជាជន ព្រមទាំងបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។
ជាចុងក្រោយ លោកប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងតែងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងជួយជំរុញចលនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕