(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ ឬថ្នាក់បាក់ឌុប គឺជាពេលដែលត្រូវស្វែងរកសាកលវិទ្យាល័យនានា ដើម្បីបន្តការសិក្សាក្នុងការបំពេញជំនាញ ស្វែងរកមុខរបរចិញ្ចឹមជីវិត។ សិស្សគ្រប់គ្នា តែងតែប្រាថ្នាយកអាហាររូបករណ៍ តាមមុខវិជ្ជាដែលខ្លួនស្រលាញ់ ដើម្បីជួយសម្រួលដល់គ្រួសារពួកគេ ហើយការទទួលបានអាហាររូបករណ៍ តាមសាកលវិទ្យាល័យនានា អាចហៅថា ជាភាពជោគជ័យមួយជំហានដំបូងក្នុងជីវិត។
ជាមួយគ្នានេះ ក្នុងមួយឆ្នាំៗមហាវិទ្យាល័យផ្នែកច្បាប់ជាមុខវិជ្ជាមួយ ដែលតែងតែត្រូវបានចាប់អារម្មណ៍ ពីសំណាក់សិស្សដែលមានក្តីស្រមៃ ចង់ក្លាយជាមេធាវី ចៅក្រម ឬអាជីពផ្សេងៗដែលបម្រើឲ្យវិស័យតុលាការ។ មុននឹងទទួលបានអាហាររូបករណ៍ផ្នែកច្បាប់ មិនមែនជារឿងសាមញ្ញនោះទេ ហើយតម្លៃសិក្សាផ្នែកច្បាប់ក៏ជារឿងមួយដែលគួរឲ្យកត់សម្គាល់។
ប្រសិនបើសិស្សមិនបានអាហាររូបករណ៍ទេ ច្បាប់ជាត្រូវបង់ថ្លៃប្រហែលពី៤០០ដុល្លារអាមេរិក ទៅ៥០០ដុល្លារអាមេរិកឯណោះក្នុងមួយឆ្នាំៗ ដោយមិនទាន់គិតថ្លៃអាហារប្រចាំថ្ងៃផង។ តែផ្ទុយទៅវិញ ប្រសិនបើសិស្សបានអាហារូបករណ៍ ពួកគេគ្រាន់តែចំណាយជាង ១០ដុល្លារអាមេរិកតែប៉ុណ្ណោះក្នុងមួយឆ្នាំៗ ដែលជោគជ័យនេះបានជួយសម្រួលដល់គ្រួសារពួកគេយ៉ាងខ្លាំង។
គីម លីហ៊ាង ជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចែករំលែកបទពិសោធន៍ពីវិធីដែលទទួលបានអាហាររូបករណ៍ផ្នែកច្បាប់នេះ។ និស្សិតរូបនេះ ជាកូនកសិករម្នាក់ មកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥ ក្នុងនិទ្ទេសរួម «C» និងទទួលបានអាហារូបករណ៍ របស់ក្រសួងអប់រំយុវជន និងកីឡា សិក្សាជំនាញច្បាប់រយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ក្នុងរយៈពេលសិក្សាច្បាប់ ដោយសារទម្លាប់នៃការខិតខំប្រឹងប្រែង និស្សិតរូបនេះក៏ធ្លាប់បានទៅធ្វើទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋឥណ្ឌាផងដែរ កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ន លីហ៊ាង ជានិស្សិតឆ្នាំទី៣ ហើយក៏ជានិស្សិតម្នាក់ដែលមានភាពលេចធ្លោរមួយរូបផងដែរក្នុងការសិក្សា។
យុវជនឆ្នើម គីម លីហ៊ាង តែងតែប្រឹងប្រែងប្រឡងប្រជែង ដើម្បីបានទៅទស្សកិច្ចសិក្សាក្រៅប្រទេស ព្រោះគេជានិស្សិតដែលស្រលាញ់ការសិក្សាបំផុតនៅក្នុងឆាកជីវិត ជាពិសេសក្នុងភាពជាយុវវ័យនេះ។ មុននឹងទៅទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា ក្នុងនាមជានិស្សិតតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ភ្នាក់ងារសារព័ត៌មាន Fresh News បានសុំសម្ភាសន៍ជាមួយ លីហ៊ាង ដើម្បីសាកសួរអំពីបទពិសោធន៍នៃការសិក្សា ដើម្បីទទួលបានអាហាររូបករណ៍ផ្នែកច្បាប់នេះ គ្រាន់ជាផ្លូវបង្ហាញដល់សិស្សជំនាន់ក្រោយៗ អនុវត្តន៍តាម។
ឆ្លើយនឹងសំណួរថា តើកត្តាអ្វីខ្លះទៅដែលធ្វើឲ្យលោកប្រឡងជាប់បាក់ឌុប ហើយទទួលបាននិទ្ទេសល្អ និងទទួលបានអាហារូបករណ៍ក្រសួងអប់រំយ៉ាងនេះ? និស្សិតឆ្នើមរូបនេះ បានប្រាប់ពីទម្លាប់៣យ៉ាង កាលសិក្សានៅថ្នាក់វិទ្យាល័យ ពោលគឺចាប់ផ្តើមពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២។
លីហ៊ាង បានបញ្ជាក់ថា «បទពិសោធន៍សិក្សារបស់ខ្ញុំ គឺទម្លាប់៣យ៉ាងគឺ៖ ការរៀនតាមកម្មវិធីសិក្សារបស់សាលាប្រចាំសប្តាហ៍, ការរៀនបំពេញបន្ថែមក្រៅម៉ោងសិក្សា ឬហៅយ៉ាងសាមញ្ញថារៀនគួរ, និងការបង្កើតតារាងរៀនប្រចាំថ្ងៃនៅផ្ទះសម្រាប់ខ្លួនឯង»។
ក្នុងការជីកកាយសួរនាំពីទម្លាប់៣យ៉ាងនោះ គីម លីហ៊ាង បានថ្លែងដោយកាយវិការម៉ឺងម៉ាត់ថា៖
ទី១៖ ការរៀនតាមកម្មវិធីសិក្សារបស់សាលាប្រចាំសប្តាហ៍៖ ជារៀងរាល់ថ្ងៃលោកតែងតែទៅរៀនទៀងទាត់តាមតារាងមុខវិជ្ជាប្រចាំថ្ងៃរបស់សាលា និងយកចិត្តទុកដាក់បំផុតចំពោះសកម្មភាព នៅក្នុងថ្នាក់ដូចជាការត្រង់ត្រាប់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់ ព្យាយាមកត់ត្រាគ្រប់មេរៀន។ ការរៀនបែបនេះពិតជាមានសារៈសំខាន់ណាស់ចំពោះរូបគេ។
ទី២៖ ការរៀនបំពេញបន្ថែមក្រៅម៉ោងសិក្សា ឬហៅយ៉ាងសាមញ្ញថារៀនគួរ៖ លោកបញ្ជាក់ថាការរៀនបន្ថែមនេះ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់រូបគេផងដែរ ពោលគឺបានបំពេញបន្ថែមចំណុចខ្វះចន្លោះ ហើយក៏ជាមធ្យោបាយសម្រាប់ទទួលបានដំណោះស្រាយ និងសេចក្តីពន្យល់លម្អិតបន្ថែមលើលំហាត់។ រីឯខាងអក្សរសាស្រ្តវិញ គឺទទួលបានគំនិតថ្មីៗជុំវិញការតាក់តែងអត្ថបទសំណេរ។ ម្យ៉ាងវិញទៀត ការរៀនគួរ ក៏ជាមធ្យោបាយក្នុងការត្រៀមខ្លួនចូលប្រឡង ព្រោះពេលរៀន លោកគ្រូ អ្នកគ្រូ បានលើកយកវិញ្ញាសារចាស់ៗមកដាក់ឲ្យធ្វើនេះជាវិធីបន្សាំខ្លួនជាមុន និងផ្តល់ជាអត្រាកំណែផងដែរ។
ទី៣៖ ការបង្កើតតារាងរៀនប្រចាំថ្ងៃនៅផ្ទះសម្រាប់ខ្លួនឯង៖ លីហ៊ាង បានបែងចែកពេលវេលាច្បាស់លាស់ ដែលពេលយប់បែងចែកម៉ោងអានសៀវភៅ និងម៉ោងសម្រាប់ធ្វើលំហាត់។ ចំណែកឯ ពេលព្រឹកព្រលឹម ចែកម៉ោងសម្រាប់ការរំឮកមេរៀន និងការទន្ទេញមេរៀន រូបមន្តដោះស្រាយ លំហាត់ឲ្យបានចាំស្ទាត់។ ការធ្វើបែបនេះជាការបង្កើនការចងចាំឲ្យខ្លួនឯង។
ការសិក្សាមិនមែនជារឿងសាមញ្ញទេ ដើម្បីទទួលបានលទ្ធផលល្អ។ មានសិស្សខ្លះបានប្រើពេលរៀនគួរ គ្រាន់តែជាពេលគេចការងារនៅផ្ទះតែប៉ុណ្ណោះ។ ការរៀនបន្ថែម ត្រូវចំណាយពេល១ម៉ោងដល់ទៅ ១,០០០រៀល ហើយក្នុងមួយថ្ងៃសិស្សត្រូវចំណាយក្នុងការរៀនបន្ថែមនេះ មិនតិចតួចនោះដែរទម្រាំចប់ថ្នាក់ទី១២។
បើតាមនិស្សិត គីម លីហ៊ាង បានប្រាប់ដោយភាពខកចិត្តថា មានមិត្តភក្តិគាត់ខ្លះមិនបានយកចិត្តទុកដាក់ក្នុងការរៀនសូត្រទេ ដោយសារគ្រួសារពួកគេជាអ្នកធូរធារ។ ក្នុងពេលរៀនគួរ ជាពេលដែលពួកគេ សប្បាយចិត្តបំផុតព្រោះគ្មានការដាក់ពិន័យពីគ្រូបង្រៀន ពោលរៀនគួរគ្រូត្រូវថ្នមសិស្ស មិនដូចម៉ោងរដ្ឋដែលសិស្សត្រូវថ្នមគ្រូឡើយ។
ដោយឡែកសម្រាប់ លីហ៊ាង មិនបានយកគម្រូអាក្រក់ដាក់ខ្លួនឡើយ ព្រោះគេស្តាយប្រាក់របស់គ្រួសារគាត់ ដែលបានឲ្យមករៀនប្រចាំថ្ងៃ។ ហើយការតស៊ូរបស់ លីហ៊ាង ជាកាតាលីករមួយដែលជំរុញ ដល់ឪពុកម្តាយគាត់មិនស្តាយក្នុងផ្តល់ប្រាក់ឲ្យគាត់មករៀនឡើយ ខណៈដែលសិស្សពុះពាររូបនេះ ជិះកង់ទៅរៀនក្នុងរយៈចម្ងាយដល់ទៅ ២០គីឡូម៉ែត្រឯណោះដើម្បីរៀនគួរ។
គីម លីហ៊ាង បានបញ្ជាក់ថា «ជាទម្លាប់ខ្ញុំអនុវត្តន៍គន្លឹះបីយ៉ាងរបស់ខ្ញុំ ដោយមិនរាថយ ឬរុញរាទេ។ តែទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែមានភាពលំបាកមួយចំនួនក្នុងការសិក្សារបស់ខ្ញុំ តួយ៉ាងខ្ញុំត្រូវជិះកង់ទៅរៀន ពីផ្ទះទៅសាលា ពីសាលាទៅកន្លែងរៀនគួរ និងពីកន្លែងរៀនគួរមកផ្ទះវិញចម្ងាយប្រហែលជាង ២០គីឡូម៉ែត្រ ហើយបញ្ហាជីវភាពផងដែរ ខ្ញុំត្រូវកិបកេងប្រាក់សម្រាប់ញ៉ាំ ដើម្បីយកទៅបង់ថ្លៃរៀនគួរបន្ថែម»។
សម្រាប់សិស្សថ្នាក់ទី១២ មុននឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំយុវជន និងកីឡា តែងតែណែនាំដល់សិស្សដែលមានបំណងសុំអាហាររូបករណ៍ពីក្រសួង ឲ្យបំពេញបែបបទសុំអាហាររូបករណ៍ ជារៀងរាល់ឆ្នាំផងដែរ។ សិស្សដែលមានអាទិភាពលើអាហាររូបករណ៍ក្រសួងអប់រំ យុវជន និងកីឡា រួមមាន៖ សិស្សពូកែ, សិស្សក្រីក្រ, និងសិស្សទូទៅ។
ជាមួយគ្នានេះ ដោយសារការដាក់អាហាររូបករណ៍សិស្សក្រីក្រ ខ្លាចក្រសួងមិនឲ្យ លីហ៊ាងបានសម្រេចចិត្តដាក់អាហាររូបករណ៍ ជាសិស្សទូទៅ ព្រោះគាត់គិតថានឹងបានអាហាររូបករណ៍ជាក់ជាមិនខាន។ ហើយអ្វីដែលគេសង្ឃឹមច្បាស់នោះ គឺគាត់បានពង្រឹងរួចជាស្រេចហើយ សម្រេចឯកទេសចម្បងដែលធ្វើឲ្យបានអាហាររូបករណ៍ផ្នែកច្បាប់ គឺប្រវត្តិវិទ្យា និងអក្សរសាស្ត្រខ្មែ។
លោកថា «ទន្ទឹមនឹងក្តីប្រាថ្នាទទួលបានអាហារូបករណ៍ ខ្ញុំបាទបានបំពេញបែបបទដែលក្រសួងអប់រំ ផ្តល់ឲ្យសិស្សានុសិស្សដែលមានបំណងទទួលបានអាហារូបករណ៍ តាមមហាវិទ្យាល័យដែលពួកគេចង់រៀន។ ខ្ញុំគិតថា បើដាក់ផ្នែកសិស្សក្រីក្រខ្លាចគេមិនឲ្យ អញ្ចឹងខ្ញុំដាក់ជាសិស្សទូទៅតែម្តងទៅ ព្រោះខ្ញុំគិតថា ខ្ញុំមានក្តីសង្ឃឹមខ្ពស់ដោយសារខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ហើយច្បាប់ជាមុខវិជ្ជាដែលខ្ញុះចង់រៀនបំផុត។ ខ្ញុំបានខិតខំសិក្សាតម្រង់ទិស លើមុខវិជ្ជាដែលជាលក្ខខណ្ឌទទួលបានអាហារូបករណ៍ ជាឧទាហរណ៍ ដូចជាជំនាញច្បាប់នេះឯង សិស្សត្រូវជាប់មុខវិជ្ជាប្រវត្តិសាស្រ្ត មុខវិជ្ជាភាសាខ្មែរ ក្នុងនិទ្ទេសល្អជាដាច់ខាត បូករួមទាំងនិទ្ទេសរួមល្អផងនោះនឹងទទួលបានអាហារូបករណ៍មិនខានឡើយ»។
គីម លីហ៊ាង ក៏បានផ្តាំផ្ញើដល់សិស្សជំនាន់ក្រោយ ដែលចង់បានអាហាររូបករណ៍ច្បាប់ សូមឲ្យសាកល្បងអនុវត្តន៍តាមទម្លាប់៣យ៉ាងរបស់គាត់។ និស្សិតរូបនេះ ក៏បានសំណូមពរដល់សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ កុំយកលុយគ្រួសារទៅចាយវាយខ្ជះខ្ជាយ ជាពិសេសកុំដើរក្នុងផ្លូវដែលនាំខ្លួនទៅធ្លាក់ក្នុងអំពើអបាយមុខជាដើម។
លោកបញ្ជាក់ថា «ខ្ញុំចង់ឲ្យសិស្សជំនាន់ក្រោយទាំងអស់ដែលស្រលាញ់មុខវិជ្ជាច្បាប់នេះ សូមសាកល្បងអនុវត្តន៍តាមខ្ញុំចុះ។ ខ្ញុំក៏សុំផ្តាំផងដែរថា មានតែការសិក្សាទេដែលនាំយកទៅរកត្រើយសុភមង្គល ក្នុងជីវិតបាន។ ទោះបីជាយើងកើតមកក្នុងត្រកូលមានទ្រព្យសម្បត្តិក៏ដោយ តែកុំភ្លេចក្នុងការសិក្សា ព្រោះការដែលយើងមានទាំងទ្រព្យ មានទាំងចំណេះដឹងជារឿងដែលគួរឲ្យសរសើរបំផុត ផ្ទុយទៅវិញ បើសិនជាយើងមានតែលុយតែគ្មានចំណេះដឹង ខ្លាចតែថ្ងៃណាមួយគេបោកប្រាស់យកលុយយើងអស់ក៏មាន»៕