(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានចូលរួមសហការជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ ដោយផ្តោតលើវិស័យកសិកម្មដំបូងគេនៅកម្ពុជា ដើម្បី លើកកម្ពស់ជីវភាពកសិករ និងកំណើនសេដ្ឋកិច្ចវិស័យកសិកម្មនៅកម្ពុជា។ ភាពជាដៃគូរវាងក្រុមហ៊ុនធនាគារឯកទេសវីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន បានធ្វើឲ្យមានការផ្លាស់ប្តូរ យ៉ាងធំធេងចំពោះជីវភាព រស់នៅរបស់ប្រជាកសិករនៅកម្ពុជា ក្នុងឆ្នាំកន្លងមក។
ភាពជាដៃគូនេះ មានន័យថាកសិករកម្ពុជា ដែលទិញគ្រឿងម៉ាស៊ីន និងឧបករណ៍កសិកម្មតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន អាចបង់ប្រាក់កម្ចីប្រចាំខែតាមរយៈ កម្មវិធីស្មាតហ្វូនវីង លេខកូដ *989# ឬនៅតាមភ្នាក់ងារវីងជាង ៥,០០០ កន្លែងទូទាំងប្រទេស។ ប្រជាកសិករ ក៏ទទួលបានអត្ថប្រយោជន៍ តាមរយៈគោលការណ៍បង់ប្រាកកក់ និងអត្រាការប្រាក់ទាប ដែលផ្តល់ដោយគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ពីប្រទេសជប៉ុនមួយនេះ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង ជឿជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន និងធនាគារឯកទេសវីង គឺជាដៃគូដ៏សាកសម ដែលមានគោលបំណងធំធេង ក្នុងការផ្តល់ភាពងាយស្រួល ដល់ប្រជាកសិករជាច្រើនពាន់នាក់ ក្នុងការបង់ប្រាក់កម្ចី។ តាមរយៈភាពជាដៃគូនេះ កសិករក្នុងស្រុករាប់ពាន់នាក់ អាចផ្តោតការយកចិត្តទុកដាក់លើការងារកសិកម្ម និងការរកចំណូលផ្សេងៗ នៅក្នុងសហគមន៍របស់ពួកគេ។
លោក ម៉ាឡូឡូស បានថ្លែងថា «វាស្ថិតនៅក្នុងចក្ខុវិស័យរបស់វីង ដែលយើងតែងតែដាក់ អតិថិជននិងដៃគូរបស់យើង នៅក្នុងបេះដូងនៃអ្វីគ្រប់យ៉ាង ដែលពួកយើងធ្វើ។ ភាពជាដៃគូបែបនេះ អាចចូលរួមចំណែកផ្តល់ភាព ងាយស្រួលដល់កសិករ ក្នុងការបង់ប្រាក់កម្ចីប្រចាំខែរបស់ពួកគេ និងជួយឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ក្នុងការផ្តល់សេវា ទៅដល់អតិថិជនគោលដៅ ដែលរស់នៅក្នុងសហគមន៍ ដាច់ស្រយាល»។
ជាអតិថិជនម្នាក់ ដែលទិញត្រាក់ទ័រ សម្រាប់ភ្ជួររាស់ដីស្រែរបស់ខ្លួន លោក ប៊ុន ប៊ុនធឿន បានប្រាប់ឲ្យដឹងថា គាត់តែងតែបង់ប្រាក់កម្ចី ទៅឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន តាមរយៈភ្នាក់ងារវីង ព្រោះវានៅមិនឆ្ងាយប៉ុន្មាន ពីផ្ទះរបស់គាត់។ លើសពីនេះទៅទៀតគាត់ ក៏អាចធ្វើប្រតិបត្តិការផ្សេងទៀត ដូចជាការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ពីភ្នាក់ងារវីងផងដែរ។
លោក កូ ហូណាម នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន បានថ្លែងថា ភាពជាដៃគូនេះ បានបង្កើតជាលទ្ធភាពថ្មី សម្រាប់មីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ក្នុងការនាំយកនូវជំនាញ និងបទពិសោធន៍ ពីប្រទេសជប៉ុន ដើម្បីកែលម្អវិស័យកសិកម្មនៅកម្ពុជា សម្រាប់ប្រជាកសិករនៅតាមជនបទ ដោយសារពួកគេភាគច្រើន ពឹងផ្អែកលើការលក់ផលិតផលកសិកម្ម សម្រាប់ជាចំណូលក្នុងការទ្រទ្រង់ក្រុមគ្រួសាររបស់ពួកគេ។
លោក កូ ហូណាម បានថ្លែងថា «យើងកំពុងទន្ទឹងរង់ចាំ លទ្ធផលផ្លែផ្កាពីភាពជាដៃគូនេះ ក៏ដូចជាការណែនាំ នូវសេវាហិរញ្ញវត្ថុថ្មីៗ ដែលគាំទ្រដល់ផលិតភាពកសិកម្ម និងប្រាក់ចំណេញ ដើម្បីបង្កើនចំណូល របស់កសិករខ្មែរ»។
បន្ថែមពីលើការទូទាត់ប្រាក់ តាមរយៈវីង អតិថិជនក៏អាចបង្កើតគណនីវីង ដើម្បីធ្វើប្រតិបត្តិការទូទាត់ ដោយមិនប្រើសាច់ប្រាក់ជាច្រើន ដូចជាការទូទាត់វិក័យប័ត្រ ទិញទំនិញតាមអនឡាញ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ និងច្រើនទៀត។ វាពិតជាមានភាពងាយស្រួល ក្នុងការបង្កើតគណនីវីងដោយ អតិថិជនអាចទាញយកកម្មវិធីស្មាតហ្វូនវីង និងបំពេញព័ត៌មានដែលត្រូវការ ឬទៅកាន់ភ្នាក់ងារ វីង ដើម្បីបង្កើតគណនីវីង៕