(ពោធិ៍សាត់)៖ លោក អ៊ា ឃីម៉េង តំណាងរាស្រ្ត និងជាប្រធានក្រុមការងារខេត្តពោធិ៍សាត់ និងអនុប្រធានក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិ ខេត្ត-ក្រុង-ស្រុក-ឃុំ ទាំង៤៩ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រមាណ៤០០នាក់ បានធ្វើយុទ្ធនាការបិទការឃោសនារកសំឡេងបោះឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅខេត្តពោធិ៍សាត់។
លោក អ៊ា ឃីម៉េង បានថ្លែងថា ក្បួនឃោសនាបិទបញ្ចប់យុទ្ធនាការនេះ គឺចាប់ចេញដំណើរចេញពីទីស្នាក់ការបក្សខេត្តនៅភូមិទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ស្រុកបាកាន, ស្រុកកណ្តៀង និងស្រុកក្រគរ។
ក្បួនយុទ្ធនាការរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃបញ្ចប់នេះ ប្រព្រឹត្តទៅដោយរលូនគ្មានអធិករណ៍អ្វីកើតឡើង ហើយថែមទាំងមានការជួយសម្រួលចរាចរពីសំណាក់អាជ្ញាធរមូលដ្ឋានមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំគណបក្ស ហ៊្វុនស៊ិនប៉ិច បានបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំរួចហើយ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។ ចំណែកយុទ្ធនាការទ្រង់ទ្រាយតូច បាននៅតាមមណ្ឌលមួយចំនួនផងដែរ។
គណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅទូទាំង២៥ រាជធានី/ខេត្ត នៅទូទាំងប្រទេស ខណៈដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី១៣ សម្រាប់ការបោះឆ្នោតនាថ្ងៃទីអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមឡើងនៅថ្ងៃទី០៧ ខែកក្កដា ហើយបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះហើយ។ ដោយឡែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ មានតែ១ថ្ងៃគត់ គឺនឹងធ្វើឡើង នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕