(ស្វាយរៀង)៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីឃាតកម្មមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ផល ឆាយយ៉ា អាយុ២៥ឆ្នាំ ត្រូវជាកូនរបស់ជនរងគ្រោះ ដោយបានយកកាំបិតកាប់ឪពុកបង្កើតឈ្មោះ សុខ មន អាយុ៥៦ឆ្នាំ បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម មូលហេតុ ខឹងឪពុកមកពីផឹកស្រាស្រវឹងជេរអ្នកនៅផ្ទះ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។ ប៉ុន្តែនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ជនដៃដល់ត្រូវបានកម្លាំងនគរបាលតាមចាប់បាន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញខេត្ត និងស្រុក សហការជាមួយកម្លាំងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា គង់ ច័ន្ទខេមរិទ្ធ បានធ្វើការស្រាវជ្រាវទីតាំងលាក់ខ្លួន និងឈានដល់ការឃាត់ខ្លួន នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមាជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងទាំងយប់។ លុះដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ សមត្ថកិច្ច បានឲ្យជនសង្ស័យនាំទៅចង្អុលបង្ហាញទីតាំង លាក់ទុកវត្ថុតាង (កាំបិតកកុក)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសុំណុំរឿងបញ្ជួន ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕