(សៀមរាប)​៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ បានជួបជុំសំណេះសំណាលជាមួយភ្នាក់ងារប្រាសាទ និងបុគ្គលិកសារមន្ទីរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សរុបជាង៥០០នាក់។

ក្នុងពិធីជួបក្រុមការងារ​នេះ លោក សុខ សង្វារ បានកោតសរសើរចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញការងារ ដោយឆន្ទៈមុតមាំ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះមុខនាទីរបស់ខ្លួន ធ្វើឲ្យការងារគ្រប់គ្រងអង្គរទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់លើឆាកអន្តរជាតិ។

លោកបញ្ជាក់ថា ភាពជោគជ័យ នៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ គឺជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលបានដើរតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ។

ទោះជាយ៉ាងនេះក្តី លោកក៏បានក្រើនរំលឹកឲ្យក្រុមការងារ បន្តយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេស គឺការអត់ធ្មត់នឹងភាពឆ្គាំឆ្គងរបស់ភ្ញៀវទេសចរមួយចំនួន ដោយការណែនាំ ឬហាមឃាត់ដោយពាក្យសម្តី និងកាយវិការសមរម្យ ថ្លៃថ្នូរ ក្នុងនាមជាម្ចាស់អង្គរ ដែលមានអារ្យធម៌ដ៏រុងរឿង។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ​ លោក សុខ សង្វារ ​បានអំពាវនាវឲ្យភ្នាក់ងារប្រាសាទ និងបុគ្គលិកសារមន្ទីរទាំងអស់ នាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលត្រូវទទួលខុសត្រូវ ចំពោះជោគវាសនាអនាគតរបស់ប្រទេសខ្លួន ដោយមិនត្រូវចាញ់បោកការឃោសនា ឬការញុះញង់ពីក្រុមមនុស្ស ដែលរារាំងមិនឲ្យទៅបោះឆ្នោតណាមួយឡើយ។

ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ផងដែរ នូវគណបក្សនយោបាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ នោះគឺគណបក្សដែលមានសមត្ថភាព រក្សានូវសន្តិភាព និងមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការអភិវឌ្ឍជាតិ គ្រប់វិស័យទាំងអស់។

ជាចុងក្រោយ លោកបានក្រើនរំលឹកបុគ្គលិកទាំងអស់ ឲ្យត្រៀមឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត និងទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ជាពិសេស គឺទៅបោះឆ្នោតជូនគណបក្ស ដែលមានសមត្ថភាព ហ៊ានថា ហ៊ានធ្វើ ដើម្បីបុព្វហេតុនៃការរក្សាសន្តិភាព និងការអភិវឌ្ឍជាតិពិតប្រាកដ៕​