Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក យឹម ណុលឡា បន្ដជួបសំណេះសំណាលជាមួយមេគ្រួសារបក្ស​តាមភូមិ នៅស្រុកព្រៃកប្បាស និងប្រាប់ឲ្យជំរុញពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា

26-07-2018 14:38

​(តាកែវ)៖ ​លោក យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ​បានចុះជួបសំណេះសំណាល ជាមួយមេគ្រួសារបក្សជាច្រើន នៅតាមភូមិក្នុងនោះ ភូមិព្រៃចំបក់ ភូមិកំពង់រាប និងភូមិពេជចង្វា របស់ឃុំតាំងយ៉ាប ឃុំកំពង់រាប និងឃុំព្រៃកប្បាស។

ការចុះសំណេះសំណាលនេះ ក៏មានការអមដំណើរដោយលោក កែវ រ៉េមី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល​ចុះជួយខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស, លោក ជីវ សុងហាក់, លោក បួន លឹមហេង និងលោក ហង្ស ម៉ើន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាំងយ៉ាប ឃុំកំពង់រាប និងឃុំព្រៃកប្បាស និងក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងឃុំទាំង៣ជាច្រើនរូបទៀតផងដែរ។

ក្នុងពិធីសំណេះសំណាលខាងលើ លោក យឹម ណុលឡា និងលោក កែវ រ៉េមី បានសង្កត់ធ្ងន់ទៅលើ កត្ដាសន្តិភាព ដោយលោកបានរំលឹកពីប្រវត្តិកាលដ៏ជូរចត់ ដែលប្រជាជនខ្មែរបានឆ្លងកាត់ពីសម័យកាលមួយ ទៅសម័យកាលមួយទៀត ក្រោមរូបភាព នៃការចង់ផ្លាស់ប្តូរអ្នកដឹកនាំថ្មី ប៉ុន្តែអ្វីៗដែលកម្ពុជាទទួលបានមកវិញ នៅសម័យកាលនោះគឺមានតែសង្រ្គាម។

ដូចនេះ​យើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ និងប្តេជ្ញាការពាររក្សាសន្តិភាព ដែលយើងមានសព្វថ្ងៃ ព្រោះថាបើគ្មានសន្តិភាពក៏គ្មានអ្វីៗទៀតដែរ។ មានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយ​សន្តិភាព និងការអភិវឌ្ឍប្រៀបបានធ្មេញ និងអណ្តាតដែលត្រូវនៅជាមួយគ្នា។

បន្ថែមពីនេះ លោកបាន​រំលឹកពីស្នាដៃដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសវីរភាពរបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិ ជីវិតប្រជាពលរដ្ឋឲ្យផុតពីរបបមច្ចុរាជ ប៉ុល ពត ទប់ស្កាត់មិនឲ្យរបបនេះវិលវិញ ស្តារ និងអភិវឌ្ឍប្រទេសពីផេះផង់ ឲ្យរីកចម្រើនដូចសព្វថ្ងៃ។

ទាំងលោក យឹម ណុលឡា និងលោក កែវ រ៉េមី បានក្រើនរំលឹកដល់សមាជិកបក្សទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងគូសឲ្យបានត្រឹមត្រូវ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីគាំទ្រ​សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ហើយបន្តដឹកនាំប្រទេស​ថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់យើងទាំងអស់គ្នា៕