(ភ្នំពេញ)៖ ដោយគិតគូរ និងយល់ពីផលលំបាករបស់ប្រជាកសិករ ដែលជួបប្រទះបញ្ហាជាញឹកញយ ចំពោះការធ្លាក់ចុះនៃតម្លៃស្រូវ ដូចជាការទម្លាក់តម្លៃពីឈ្មួញកណ្ដាលនោះ រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានដាក់យន្តការថ្មីៗជាច្រើន ដើម្បីលើកស្ទួយ និងជំរុញដល់វិស័យកសិកម្ម ពិសេសវិស័យស្រូវអង្ករ ទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បានខិតខំដោះស្រាយ ជូនបានដោយជោគជ័យ និងទប់ស្កាត់បាននូវបញ្ហាធ្លាក់ចុះ នៃតំលៃស្រូវក្រោមទីផ្សារ តាមរយៈយន្តការនៃការផ្តល់ឥណទានពិសេស ដែលផ្តល់ជូនតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនោះការទំលាក់កញ្ចប់ថវិកាឥណទានពិសេស ដើម្បីសាង់សង់ឃ្លាំងស្តុកស្រូវចំនួន២សែនតោន និងឡសំងួតស្រូវចំនួន៣,០០០តោនក្នុងមួយថ្ងៃ ស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលមានសមត្ថភាពស្រូបទាញ ស្រូវពីប្រជាកសិករជុំវិញតំបន់បាន។ ឃ្លាំងស្តុកស្រូវ២សែនតោន និងឡសំងួតស្រូវ៣ពាន់តោនក្នុង១ថ្ងៃនេះ ត្រូវបានសម្ភាធដាក់ឲ្យប្រើប្រាស់រួចហើយ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ក្រៅពីតំបន់បាត់ដំបូង, ឃ្លាំងស្តុកស្រូវ ៥ម៉ឺនតោន និងឡសំងួតស្រូវ១៥០០តោនក្នុងមួយថ្ងៃ នៅតំបន់៣ផ្សេងទៀត រួមមានតំបន់កំពង់ធំ ព្រៃវែង និងតាកែវ ក៏បានសាងសង់ផងដែរ តាមរយៈកញ្ចប់ឥណទានពិសេស របស់រាជរដ្ឋាភិបាល ក្នុងនោះឃ្លាំងស្តុកស្រូវ និងឡសំងួត២តំបន់ បានបើកដំណើរការ ដាក់ឲ្យប្រើប្រាស់រួចហើយ គឺតំបន់កំពង់ធំ និងតំបន់តាកែវ កាលពីដើមខែកក្កដាកន្លងមកនេះ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ធ្វើការងារទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវនេះ បានលើកឡើងថា វត្តមានរបស់ឃ្លាំងស្តុកស្រូវ និងឡសំងួតនៅតំបន់ ដែលមានសក្តានុពលប្រមូលស្រូបទិញស្រូវនេះ គឺធានាបានស្ថេរភាពថ្លៃស្រូវ និងលើកស្ទួយថ្លៃស្រូវដល់ប្រជាកសិករ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករខ្មែរយើង។
ជាពិសេសជាងនេះទៅទៀតនោះ រាជរដ្ឋាភិបាលបានបង្កើនឥណទាន ជាទុនបង្វិលកើនឡើងដល់៥០លានដុល្លារអាមេរិក ដែលក្នុងនោះមានកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន៤៣លានដុលារអាមេរិក និងមូលនិធិផ្ទាល់របស់ធនាគារអភិវឌ្ឍន៍ជនបទចំនួន៧ លានដុល្លារអាមេរិក ដើម្បីផ្តល់ឲ្យរោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុនកែច្នៃ និងនំាចេញអង្ករ និងមជ្ឈមណ្ឌល ឬអ្នកប្រមូលទិញស្រូវ សម្រាប់ប្រមូលទិញស្រូវនារដូវប្រមូលផល។ យន្តការនេះ ទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ ដោយធានាបាននូវតម្លៃស្រូវមិនធ្លាក់ទាបជាទីផ្សារនោះឡើយ។
ថ្លែងចេញពីខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ លោក កៅ ថាច បានបញ្ជាក់ឲ្យដឹងថា នៅរដូវប្រមូលស្រូវខាងមុខនេះ ប្រជាពលរដ្ឋនឹងមិនបារម្ភពីតម្លៃស្រូវឡើយ ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានរួចរាល់ហើយក្នុងការទម្លាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ។
បន្ថែមពីលើឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវខ្នាតធំ, រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្ថែមលើការរក្សាសុវត្ថិភាពថ្លៃស្រូវ សម្រាប់រយៈពេលវែង ដោយក្នុងនោះការកាត់បន្ថយថ្លៃដើមផលិត តំលៃដឹកជញ្ជូន របស់កសិករមកកាន់ទីផ្សារផងដែរ ការសិក្សាអំពីការតភ្ជាប់ផ្លូវ ដឹកជញ្ជូនកសិផលផងដែរ។ ជាក់ស្តែងផ្លូវនៅក្នុងតំបន់មួយចំនួន កំពុងស្ថិតនៅក្នុងគម្រោងសិក្សា ជួសជុល ធ្វើថ្មីកែលម្អឡើងវិញ ដើម្បីធ្វើការត៏ភ្ជាប់តំបន់ផលិតមកទីផ្សារ និងដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនរបស់បងប្អូនប្រជាកសិករ ហើយការសិក្សាទំលាក់តំលៃជី ពូជ ថ្នាំក៏ត្រូវបានគិតគូរផងដែរ។
ជាមួយគ្នានេះដែរ គម្រោងបង្កើនផលិតភាពផលិតកម្មកសិកម្មត្រូវបានបង្កើតឡើងយ ដោយរាជរដ្ឋាភិបាល បានជួយឧបត្ថម្ភធនលើតម្លៃពូជស្រូវ សម្រាប់បងប្អូនប្រជាកសិករប្រមាណ១,០០០រៀលក្នុង១គីឡូ មានន័យថា ប្រសិនអ្នកផលិតពូជស្រូវលក់ក្នុងតម្លៃ ៣,០០០រៀលក្នុង១គីឡូ គឺរដ្ឋជួយចេញ១,០០០រៀល កសិករចេញតែ២,០០០រៀលទេ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់ ដោយធ្វើយ៉ាងណាសម្រួល ដល់ការប្រកបរបរកសិកម្ម របស់បងប្អូនប្រជាកសិករ។
លើលពីនេះទៅទៀតនោះ ធនាគារអភិវឌ្ឍន៍ជនបទដែលតែងតែ ចុះផ្ទាល់ជាមួយនឹងប្រជាកសិករ ដើម្បីស្វែងយល់នូវការលំបាក និងផ្តល់ជាគំនិតថ្មីៗ ក្នុងការជួយឲ្យកសិករអភិវឌ្ឍការងារប្រចាំថ្ងៃ របស់ពួកគាត់ស្របតាមទីផ្សារតម្រូវការ។ ដោយមើលឃើញពីតម្រូវការអង្ករក្រអូប មានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិនោះ មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ ឲ្យតែចុះជួបកសិករម្តងៗតែងតែ សំណូមពរឲ្យប្រជាពលរដ្ឋបង្កើន ការដាំដុះស្រូវក្រអូបឲ្យច្រើន ជាងជាដាំស្រូវប្រភេទដែលពិបាករកទីផ្សារ។
ក្រៅពីនេះក៏បានលើកទឹកចិត្ត ដល់បងប្អូនចងក្រងសហគមន៍កសិកម្ម និងពង្រីកសមាជិកភាពឲ្យបានច្រើន ដើម្បីឲ្យធនាគារអភិវឌ្ឍន៍ជនបទ ងាយស្រួលផ្តល់ឥណទាន ក្នុងអត្រាការប្រាក់ទាប ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកសកម្មភាព និងលើកកំពស់ផលិតកម្មផលិត៕