(ស្វាយរៀង)៖ លោក ហ៊ឹម ឆែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា បានប្រាប់ទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កុំចាញ់បោកកលល្បិចរបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលស្រុក ពោលត្រូវទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានតែមួយថ្ងៃគត់។
ការលើកឡើងបែបនេះ របស់លោក ហ៊ឹម ឆែម បានធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសបន្ដចុះជួបសំណេះសំណាល និងសួរសុខទុកជាមួយប្រជាពលរដ្ឋ សមាជិក សមាជិការគណបក្ស នៅតាមខ្នងផ្ទះ ស្ថិតក្នុងភូមិត្បែង ឃុំអំពិល ស្រុករមាសហែក។
លោក ហ៊ឹម ឆែម បានថ្លែងយ៉ាងដូច្នេះថា «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នេះ មានរយៈពេលត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់កលល្បិចរបស់ទណ្ឌិត សម រង្ស៉ី ឲ្យសោះ ដែលបានលើកឡើងនូវល្បិចកលបោកបញ្ឆោត ភូតកុហករបស់ទណ្ឌិត សម រង្ស៉ី មិនឲ្យបងប្អូនប្រជាពលរដ្ឋ យើងកុំឲ្យទៅបោះឆ្នោត និងរារាំងដល់កិច្ចដំណើរបោះឆ្នោត ហេតុដូចនេះសូមបងប្អូនបង្កើនស្មារតី យកចិត្តទុកដាក់ទទួលខុសត្រូវ និងវាយបកឲ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពញុះញង់ មួលបង្កាច់របស់ពួកអមិត្ត ក្នុងចេតនាបំផ្លិចបំផ្លាញបរិយាកាស ទាំងពេលឃោសនា និងក្នុងអំឡុងពេលបោះឆ្នោត»។
បន្ថែមពីនេះ លោកប្រធានក្រុមការងារ ក៏បានចោទជាសំណួរថា តើបងប្អូនមានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍប្រទេសដូចសព្វថ្ងៃដោយសារអ្នកណា ដែលបានរំដោះចេញពីរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត និងគ្មានមានសាសនា គឺប្រាកដមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលប្តូរផ្តាច់ ដើម្បីរំដោះប្រទេសជាតិមួយនេះ ឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោក ហ៊ឹម ឆែម ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្ស នៅក្នុងភូមិត្បែង ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវត្រួតពិនិត្យដល់សមាជិកក្នុងក្រុមគ្រួសារ ដោយត្រូវត្រៀមខ្លួន និងឯកសារឲ្យបានគ្រប់គ្រាន់ សម្រាប់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី ដើម្បីបន្តការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត៕