(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួតឈុតបុរាណរបស់ «គ្រួសារតារាកម្ពុជា» កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានគេកត់សម្គាល់ថា មានតារាចំនួន៧រូប ទទួលបានកិត្តិយសយ៉ាងខ្លាំង ដោយសារតែអ្នកទាំង៧រូបនោះ បានក្លាយជាម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតារាជើងចាស់ជើងថ្មីដល់ទៅជាង៣០០នាក់។ ក្នុងចំណោមម្ចាស់ពានទាំងអស់នោះ គេចាប់អារម្មណ៍ទៅលើ ម្ចាស់ពានចំនួន៤ ដែលបានគ្រងឈុតសម្លៀកបំពាក់ប្រពៃណី ក្រោមស្នាដៃរបស់អ្នកច្នៃម៉ូដឈុតបុរាណ ល្បីឈ្មោះម្នាក់ ដ៏មានទេពកោសល្យគឺ លោក នូ សុផេន ដែលអាចធ្វើឲ្យតារា៤ដួង ទទួលបានពានក្នុងពេលតែមួយ។
លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា ដែលត្រូវគេស្គាល់ថា មានជំនាញខាង ស្រាវជ្រាវ និងជាអ្នកច្នៃម៉ូដបុរាណ បានអះអាងថា មុនការប្រកួតចាប់ផ្ដើម យ៉ាងហោចមានតារាចំនួន ១០រូបរបស់ «គ្រួសារតារាកម្ពុជា» បានទាក់ទងដោយផ្ទាល់ ស្នើឲ្យលោកជួយច្នៃឈុតបុរាណ ដើម្បីឲ្យពួកគេបានចូលរួមប្រកួត នៅក្នុងកម្មវិធី។ តារាដែលចូលរួមប្រកួតរហូតជិត១០រូប បានស្លៀកឈុតដែលលោកកែច្នៃ ទៅប្រកួតក្នុងព្រឹត្តិការណ៍នោះ ដោយលោកមិននឹកស្មានថា ឈុតរបស់លោករហូតដល់ទៅ៤ឈុត បានទទួលបានពានក្នុងចំណោម៧ពាន នាយប់នោះទេ។
លោកពិតជាសម្ដែងការភ្ញាក់ផ្អើល ដែលឈុតព្រះនាងឥន្ទ្រទេវី របស់កញ្ញា ប៊េប៊ី ឈុតស្រីស្នំនៅសម័យអង្គររបស់អ្នកនាង ម៉ៅ ស៊ីណាត ឈុតព្រះបាទសុរិយវរ្ម័នទី២ ដែលជាស្ដេចកសាងប្រាសាទអង្គររបស់ លោក រុន ណាកូ និងឈុតកងទាហាននៅសម័យអង្គររបស់លោក ស៊ិន សុធារិទ្ធ ត្រូវបានគណៈកម្មការផ្ដល់ពិន្ទុឲ្យលើកពាន ខណៈដែលលោកយល់ថា មិនគួរសោះ ដោយសារតែក្នុងពិធីនោះ ត្រូវបានចូលរួមបញ្ចេញស្នាដៃ ដោយផ្ដល់ឈុតឲ្យតារាៗមួយចំនួន ខ្ចីស្លៀកយកទៅប្រកួតដែរ។
លោកយល់ថា ហេតុផលដែលនាំឲ្យឈុតរបស់ខ្លួនចំនួន៤ បានក្លាយជាម្ចាស់ពាន គឺដោយសារតែលោកជ្រើសរើសតារា ដែលគ្រងឈុតទាំងនោះ បានត្រូវតាមទម្រង់មុខ និងដងខ្លួន ទើបធ្វើឲ្យឈុតទាំង៤ ក្រោយពេលស្លៀកប្រកួតមានភាពលេចធ្លោ យ៉ាងដូច្នេះ។
បន្ថែមពីនេះ លោកបន្តថា ខ្លួនចំណាយពេលវេលាស្រាវជ្រាវ កែច្នៃ និងថវិកាដើម្បីចាត់ចែង មិនស្ដាយកម្លាំងទេ នៅពេលស្នាដៃ ដែលខំប្រឹងប្រែងទទួលបានការទទួលស្គាល់ តាមរយៈការប្រកួតប្រជែងស្នាដៃបែបនេះ។ ការគ្រងឈុតបុរាណ បើទោះជាឈុតទាំងនោះ មានភាពទាក់ទាញរួចទៅហើយក្ដី ប៉ុន្តែបើសិនជាការជ្រើសតារា មិនស័ក្តិសមនឹងរូបសម្រស់ នោះភាពលេចធ្លោ ក៏មិនមាននោះដែរ ទើបលោកយល់ថា ហេតុផលដែលឈុតរបស់លោកដល់ទៅ៤បានលើកពាន គឺដោយសារតែរាងរៅ និងមុខមាត់របស់អ្នកគ្រង ត្រូវស័ក្តិសមកនឹងឈុត ដែលលោកបានច្នៃ៕