(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។
លោកបានថ្លែងដូចនេះក្នុងឱកាសដែល លោកចុះជួបសំណេះសំណាលជាមួយសមាជិក គណបក្សប្រជាជនកម្ពុជាមកពីក្រុងប៉ៃលិន ខេត្តប៉ៃលិនជាង៥៥០នាក់ នៅទីស្នាក់ការគណប្រជាជនកម្ពុជា ខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីសំណាក់លោក ផាន់ ចាន់ធុល អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះជួយឃុំ/សង្កាត់ ក្រុង/ស្រុក ខេត្ត ជាច្រើននាក់ផងដែរ ដើម្បីផ្សព្វផ្សាយបន្ថែមពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការដឹកនាំប្រទេសជាតិនៅអណត្តិទី៦ បន្តទៀត និងពង្រឹងការងារបក្សនៅមូលដ្ឋាន ឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក អ៉ី ឈាន បានថ្លែងបន្តថា បន្ទាប់ពីបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ជាវិស័យអទិភាព ដោយបានកសាងសាលារៀន ទីប្រជុំជនរហូតជនបទ ដើម្បីលើកកម្ពស់គុណភាព និងចំណេះដឹងដល់កូនចៅរបស់ប្រជាពលរដ្ឋ ដែលធនធានមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
ជាក់ស្តែង នៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានខិតខំអភិវឌ្ឍតាមមូលដ្ឋាន ឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើឱ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះមន្ត្រីរាជការរបស់យើង ទទួលបានប្រាក់បៀវត្សតាមធនាគារ ហើយភាគច្រើន គឺបើកនៅសប្ដាហ៍ទី៣ នៃខែនីមួយៗបានទៀងទាត់ ដោយនៅឆ្នាំ២០១៨នេះ ប្រាក់ខែគ្រូបង្រៀន គឺមិនតិចជាង ១លានរៀលនោះទេ ហើយនៅមានតម្លើងប្រាក់ខែជាបន្តបន្ទាប់ទៀតជារៀងរាល់ឆ្នាំ។
លោកបានបន្តទៀតថា បើប្រទេសជាតិគ្មានសុខសន្តិភាពទេ កុំថាឡើយការអភិវឌ្ឍ សូម្បីតែសិទ្ធសេរីភាពផ្សេងៗក៍គ្មានដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំរួមសាមគ្គីគ្នាថែរក្សាសមិទ្ធផល អ្វីដែលយើងមានសព្វថ្ងៃ ជាពិសេសខិតខំថែរក្សានូវសុខសន្តិភាពដូចសព្វថ្ងៃនេះឱ្យបាន ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ គឺបានពង្រឹង និងធានាបាននាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើររួមនឹងការកសាងបាននូវ សមិទ្ធផលធំៗជាច្រើនទៀតជូនជាតិ និងប្រជាជន ដូចនេះប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត៕