(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះអនុស្សារៈយោគយល់គ្នាជាមួយក្រុមហ៊ុន ហេង អាន ស៊ូ ត្រេតឌីង ឯ.ក ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សួស អង្គារ អគ្គស្នងការរងនគរបាលជាតិ និងលោក ស៊ី ស៊ីជុង អគ្គនាយកក្រុមហ៊ុន។
ការចុះហត្ថលេខានេះ គឺផ្តោតសំខាន់លើការបំពាក់ឧបករណ៍បង្ការ ពន្លត់អគ្គិភ័យ នៅតាមអង្គភាព ស្ថាប័ន ពិសេសអគារខ្ពស់ៗ ដោយខាងក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវ ចំណែកខាងអគ្គស្នងការនគរបាល មានភារកិច្ចត្រួតពិនិត្យការបំពាក់ប្រព័ន្ធបង្ការ និងពន្កត់អគ្គិភ័យ នៅតាមគោលដៅសំណង់ដែលបានបំពាក់រួច។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សួស អង្គារ បានថ្លែងថា ការចុះ MoU នេះគឺជាសមិទ្ធផលថ្មីមួយទៀត របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលក្រុមហ៊ុន ហេង អានស៊ូ បានមកសហជាមួយគ្នា ហើយនាយឧត្តមសេនីយ៍ សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុននឹងធ្វើសហប្រតិបត្តិការជាមួយកម្ពុជា ទៅតាមសកម្មភាពជាក់ស្ដែង និងជូនពរឲ្យក្រុមហ៊ុនទទួលបានជោគជ័យ នូវកិច្ចសហប្រតិបត្ដិការនេះ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សួស អង្គារ ក្នុងនាមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានធ្វើសហការប្រតិបត្តិ និងក្រុមហ៊ុនបានសន្យាថា នឹងបណ្ដុះបណ្ដាលគ្រូបង្គោល និងផ្ដល់សម្ភារជាច្រើនទៀត ដែលបម្រើឲ្យសេវាពន្លត់អគ្គិភ័យរបស់នគរបាលជាតិ។
ជាមួយគ្នានេះ លោក ស៊ី ស៊ីជុង អគ្គនាយកក្រុមហ៊ុន ហេង អានស៊ូ បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបង្កើននូវកិច្ចសហប្រតិបត្តិការនេះ ហើយក្រុមហ៊ុននឹងអនុវត្តការងារនេះឲ្យបានល្អប្រសើរ តាមអ្វីដែលបានសន្យា នៅក្នុងអនុស្សារៈយោគយល់គ្នានេះ៕