(ភ្នំពេញ)៖ រហូតដល់ម៉ោង១១៖០០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ គ.ជ.ប បានបញ្ចប់សវនាការលេីបណ្តឹងទាំង៥ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅក្នុងខេត្តបាត់ដំបងហេីយ ក៏ប៉ុន្តែ គ.ជ.ប បានដកឃ្លាបន្តិច ដើម្បីពិចារណា មុននឹងធ្វើសេចក្តីសម្រេចចិត្តនៅរសៀលនេះ។ នេះបើតាម លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោក សោម សូរីដា បានអះអាងទៀតថា ដោយឡែកសម្រាប់ អតីតតំណាងរាស្ត្រឈ្មោះ ជា ជាវ ដែលត្រូវតុលាការហាមឃាតមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ អាចរងវិធានការច្បាប់ព្រហ្មទណ្ឌផ្សេងទៀត ក្រៅពីមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលអាចត្រូវ គ.ជ.ប កសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមរយៈក្រសួងយុត្តិធម៌ នៅពេលខាងមុខ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ គ.ជ.ប បានបើកសវនាការដោះស្រាយបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។
បើតាមសេចក្តីប្រកាស គ.ជ.ប, គិតត្រឹមម្សិលមិញ មានបណ្តឹងសរុបចំនួន២៤បណ្តឹង ក្នុងនោះ២៣បណ្តឹង ត្រូវបានដាក់ទៅគណៈកម្មាធិការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងមួយបណ្តឹង ប្តឹងផ្ទាល់មកគណៈកម្មាការខេត្តរៀបចំការបោះឆ្នោត។
តាមសេចក្តីប្រកាសរបស់ គ.ជ.ប បានឱ្យដឹងទៀតថា ចំពោះ២៣បណ្តឹងនោះ ដោះស្រាយដូចខាងក្រោម៖
* ៣បណ្តឹង កំពុងដោះស្រាយ
* ២០បណ្តឹង ដោះស្រាយរួចដោយ គឃ.សប ។ ប៉ុន្តែក្នុងចំណោមនោះមាន៦ បណ្តឹងបានប្តឹងបន្តមក គ.ខ.ប ក្នុងនោះមាន១បណ្តឹង ត្រូវដើមបណ្តឹងដកពាក្យបណ្តឹងវិញ ហើយ៥ បណ្តឹង គ.ខ.ប នឹងបើកសវនាការនៅ គ.ខ.ប ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៨ ស្អែកនេះ នៅវេលាម៉ោង ៨៖០០នាទីព្រឹក ដែលទាំង៥បណ្តឹងនេះពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ។
ដោយឡែក១បណ្តឹងទៀតដែលប្តឹងផ្ទាល់មក គ.ខ.ប ត្រូវបានដោះស្រាយសះជារួចហើយ។
ចំពោះករណីនេះគណបក្សប្រជាជនកម្ពុជា ស្នើរសុំ គ.ជ.ប ចាត់វិធានការចំពោះលោក ជួង ជូងី ហើយ គ.ជ.ប កំពុងតែពិនិត្យ៕