(ព្រះវិហារ)៖ លោក មាស សុភា បេក្ខភាពតំណាងពេញសិទ្ធិឈរឈ្មោះលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងថា បើមិនមានគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទេ រហូតមកដល់ថ្ងៃនេះប្រទេសកម្ពុជាយើង មិនទាន់ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើននោះទេ។
លោកបានថ្លែងដូចនេះ ក្នុងឱកាសដែលលោកបានដឹកនាំបេក្ខភាពតំណាងរាស្ត្រថ្មីមណ្ឌលព្រះវិហារ ចុះជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ១,០០០នាក់ នៅស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកឆែប និងប្រធាន អនុប្រធានគណបក្សមូលដ្ឋាន ជាច្រើនរូបទៀតផងដែរ។
លោក មាស សុភា បានបន្តថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដែលប្រទេសយើងត្រូវបានរំដោះចេញពីរបបប្រលយ័ពូជសាសន៍ និងរហូតមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានការបោះឆ្នោត ក្រោមការត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ ដែលយើងហៅកាត់ថា អ៊ុនតាក់នោះ គឺប្រទេសយើងមិនទាន់ទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុងនោះទេ ដោយខ្មែរក្រហមនៅតែជាឧទ្ទាម នៅតាមព្រៃនានា បង្ករអសន្តិសុខជានិច្ច។
លោកបន្តទៀតថា ក្រោមគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យខ្មែរយើងគ្រប់ភាគីបានឯកភាពគ្នា ទទួលយកដោយក្តី សប្បាយរីករាយ បានធ្វើឱ្យសុខសន្តិភាពកើតមានពេញផ្ទៃប្រទេស ប្រជាពលរដ្ឋមានសិទ្ធិដើរហើរគ្រប់ទីកន្លែង និងប្រកបអាជីវកម្មផ្សេងៗ ដោយមិនមានការភ័យខ្លាច។
លោកបានរគូសបញ្ជាក់ថា សុខសន្តិភាពដែលប្រទេសយើងមានរហូតមកដល់សព្វថ្ងៃនេះ គឺបានមកដោយសារគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា បានមកដោយសារការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះឱ្យនៅគង់វង្ស ដើម្បីឱ្យប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍជាបន្តបន្ទាប់ទៅទៀត។ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០។
នៅក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ដា បានឡើងអានសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនសមាជិកបក្សឱ្យបានយល់ជ្រួតជ្រាប និងបានបង្ហាញខ្លួនបេក្ខភាព តំណាងរាស្ត្រថ្មី ឱ្យសមាជិកបក្សបានស្គាល់ផងដែរ។ ក្នុងនោះដែរលោកក៏បានធ្វើការពន្យល់សមាជិកបក្សរបស់យើង ពីរបៀបគូសសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោតខាងមុខនេះ ដោយធ្វើយ៉ាងណាគូសឱ្យចំគណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ មានរូបទេវតាបាចផ្កាជាសំគាល់ គូសក្នុងប្រអប់បួនជ្រុង៕