(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងជាអភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់និមិត្ត ដែលចំណាយថវិកាសាងសង់អស់ជាង២ម៉ឺនដុល្លារ។
លោក មែ ណន ប្រធានគណបក្សសង្កាត់និមិត្ត បានឱ្យដឹងថា ក្នុងសភាពការណ៍បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់អភិវឌ្ឍលើគ្រប់វិស័យ ដោយឡែកនៅក្នុងក្រុងប៉ោយប៉ែត ដោយមានការខិតខំប្រឹងប្រែងពីសំណាក់លោក សាន ស៊ានហូ អភិបាលក្រុង លោកបានស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវថ្នល់ក្នុងភូមិខ្វាត់ខ្វែង ដែលពីដើមមកជួបការលំបាកយ៉ាងខ្លាំង ឱ្យក្លាយជាផ្លូវក្រាលថ្មគ្រប់ច្រកល្ហកក្នុងក្រុងប៉ោយប៉ែត។
ប្រធានគណបក្សសង្កាត់និមិត្តរូបនេះ បានថ្លែងអំណរគុណចំពោះលោកអភិបាលក្រុង ដែលបានជួយកសាងផ្លូវទាំងអស់នេះ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិតទៅអនាគត។
លោក សាន ស៊ានហូ បានណែនាំដល់ក្រុមការងារ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត គឺត្រូវគោរពច្បាប់ស្តីពីការបោះឆ្នោតឱ្យបានហ្មត់ចត់ ដើម្បីធានាឱ្យបាននូវការបោះឆ្នោតមួយ ដែលនឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសអ្នកសង្កេតការណ៍បោះឆ្នោត ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជាទាំងអស់ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវគោរពច្បាប់ នីតិវិធី និងការណែនាំរបស់ គ.ជ.ប ឱ្យបានត្រឹមត្រូវ។
លោកប្រធានបក្សក្រុងប៉ោយប៉ែត បានបន្តថា ក្នុងអាណត្តិ៥ឆ្នាំ កន្លងទៅនេះ ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយសុខសន្តិភាព ដែលកើតចេញពីការប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានលេចឡើងនូវការអភិវឌ្ឍជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព ផ្លូវ អណ្តូងទឹក ស្រះទឹក ប្រឡាយទឹក វត្តអារាម និងការគិតគូរដោះស្រាយទុក្ខលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ទាំងអស់នេះ គឺជាមោទនភាពបំផុតរបស់ក្រុមការងារទាំងអស់គ្នា ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយគណបក្សប្រជាជនកម្ពុជាមានបំណងចង់ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត និងចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខភាពសម្បូរសប្បាយរីករាយ និងសុភមង្គលគ្រប់ក្រុមគ្រួសារ៕