(កំពង់ធំ)៖ បេក្ខជនតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ធំ លោក យឹម លាត បានចុះសួរសុខទុក្ខសកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលរងគ្រោះដោយខ្យល់កន្ត្រាក់។
សកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ មានឈ្មោះ ខឹម ម៉េងហួត រស់នៅភូមិអំពៅព្រៃ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក ខឹម ម៉េងហួត ជាសកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងជាអតីតបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផងដែរ។
ក្នុងជំនួបសួរសុខទុក្ខនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក យឹម លាត បានលើកឡើងថា ទោះបីជារូបលោក និងលោក ខឹម ម៉េងហួត មាននិន្នាការគាំទ្រគណបក្សនយោបាយផ្សេងគ្នាក៏ដោយ តែនៅមានចំណុចរួមគ្នាមួយ គឺមានឈាមជ័រជាខ្មែរតែមួយ ដូច្នេះការចេះជួយគ្នានាពេលមានអាសន្ន និងទុក្ខលំបាកជាទឹកចិត្តរបស់ប្រជាជនខ្មែរ ហើយវប្បធម៌នៃការជួយគ្នានាពេលទុក្ខលំបាកជាសសរទ្រូងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជានាពេលកន្លងមក។
លោក ខឹម ម៉េងហួត ក៏បានថ្លែងអំណរគុណលោក យឹម លាត ផងដែរ ដែលបានចុះទៅសាកសួរសុខទុក្ខរូបលោក។
តាមរយៈកាយវិការនេះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិអំពៅព្រៃ មានការសរសើរ និងពេញចិត្តខ្លាំងណាស់ផងដែរ ដោយពួកគេចង់ឃើញអ្នកនយោបាយគ្រប់និន្នាការទាំងអស់ចេះទម្លាក់រាល់ការប្រកួតប្រជែងក្នុងសង្វៀននយោបាយ ហើយជួយគ្នានៅពេលមានទុក្ខលំបាក ឬបញ្ហាអ្វីមួយនោះ៕