(ភ្នំពេញ)៖ វេជ្ជបណ្ឌិតជំនាញមកពីប្រទេសវៀតណាម លោកស្រី ជិន ញឺតធីអាញ់ភឿក ឯកទេសប្រព័ន្ធរំលាយអាហារ បានបញ្ជាក់យ៉ាងច្បាស់ថា មេរោគ អេចផៃឡូរី (H.Phylori) ជាមេរោគម្យ៉ាងងាយនឹងកើតជំងឺរលាកក្រពះនៅពេលដែលវាបានចូលទៅក្នុងសារពាង្គកាយមនុស្ស ព្រោះវាឆ្លងតាមការបរិភោគអាហារមិនមានអនាម័យត្រឹមត្រូវ ហើយមេរោគប្រភេទនេះជាមេរោគកាចសាហាវម្យ៉ាង ដោយមិនអាចមើលនឹងភ្នែកទទេរបាននោះឡើយ។
លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់បែបនេះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ក្នុងកម្មវិធីពិនិត្យ ព្យាបាល និងផ្តល់ថ្នាំដោយឥតគិតថ្លៃ នូវជំងឺរលាកក្រពះ និងអាហាររូបត្តម្ភ ដែលនបង្កើតឡើងដោយ មន្ទីជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma ដែលនេះបង្ហាញពីការជួយជ្រុមជ្រែងមួយក្នុងវិស័យសុខាភិបាលនៅកម្ពុជាផងដែរ។
លោស្រី ជិន ញឺតធីអាញ់ភឿក បានលើកឡើងថា «មេរោគ អេចផៃឡូរី (H.Phylori) ជាមេរោគម្យ៉ាងដែលកើតមាននៅក្នុងចំណីអាហារ ដែលអ្នកបរិភោគមិនស្អាត ហើយជំងឺនេះនៅពេលដែលស្ថិតនៅក្នុងសារពាង្គកាយ នាំឲ្យកើតជំងឺរលាកក្រពះយ៉ាងពិតប្រាកដណាស់»។
លោស្រីវេជ្ជបណ្ឌិតពន្យល់ថា ជំងឺរលាកក្រពះចែកចេញជាពីរ គឺទី១៖ រលាកក្រពះស្រួចស្រាល ជំងឺនេះសំដៅទៅលើជំងឺរលាកក្រពះដែលកើតឡើង រយៈពេលខ្លី និងទី២៖ រលាកក្រពះរ៉ាំរ៉ៃ ជាប្រភេទលាកក្រពះដែលកើតឡើង ច្រំដែលៗ មូលហេតុមកពីអ្នកជំងឺនៅមានមេរោគ ឬបន្តពិសារគ្រឿងស្រវឹង ធ្វើឲ្យភ្នាសក្រពះរលាករ៉ាំរ៉ៃ ។
សូមបញ្ជាក់ថា កម្មវិធីពិនិត្យព្យាបាលឥតគិតថ្លៃនេះ គឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់សុ ខុមាលភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានឱកាសទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារបរិក្ខារពេទ្យ ទំនើបដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
ជាងនេះទៅទៀត គឺជួយឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាលឲ្យបានសមស្របបំផុត។ កម្មវិធីពិនិត្យ និងព្យាបាលជំងឺ សប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែជាមួយនឹងឯកទេសផ្សេងៗគ្នាផងដែរ។
ជាមួយគ្នានោះដែរ លោកស្រីវេជ្ជបណ្ឌិតក៏បានពន្យល់ពីមូលហេតុផ្សេងទៀត ក្រៅពីមេរោគ អេចផៃឡូរី H.Phylori ដែលនាំឲ្យកើតជំងឺរលាកក្រពះ ហើយមូលហេតុជាច្រើនទៀតនោះគឺដោយសារ សារធាតុថ្នាំពេទ្យ, សារធាតុគីមី, ថ្នាំសន្លាក់, គ្រឿងស្រវឹង, កាហ្វេ រួមនឹងប្រភេទថ្នាំពេទ្យដែលយើងប្រើប្រាស់ក្នុងរយៈពេលវែង ក៏អាចនាំឲ្យយើងធ្លាក់ចូលក្នុងជំងឺរលាកក្រពះផងដែរ និងមួយវិញទៀតនោះគឺ បញ្ហាសតិអារម្មណ៍(នៅពេលគាត់ប្រឈមនឹងបញ្ហាស្ត្រេស្តច្រើនពេក) ឬក៏អ្នកជំងឺមានវិបត្តផ្លូវចិត្តណាមួយ ទាំងអស់នេះហើយគឺជារោគសញ្ញានាំឲ្យ កើតមានជំងឺរលាកក្រពះមួយនេះ។
លោកស្រីបញ្ជាក់បន្ថែមថា «ជំងឺរលាកក្រពះ យើងអាចព្យាបាលឲ្យជាសះស្បើយមួយរយភាគរយ (ដាច់) ប្រសិនបើយើងអាចដោះស្រាយមូលហេតុដែលនាំឲ្យរលាកក្រពះមួយនេះបាន»៕