(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានប្រកាសអំពីការធានា លើបណ្តាញសេវារបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងភាព ជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការផ្ដល់ជូននូវគុណភាពឈានមុខគេ ស្របពេលដែលខ្លួន ទទួលបានពានរង្វាន់ Ookla® មដងទៀតក្នុងខែនេះ ធ្វើឲ្យក្រុមហ៊ុនទូរគមនាគមន៍ របស់ខ្មែរសុទ្ធសាធមួយនេះ ក្លាយជាប្រតិបត្តិករឈានមុខគេ ។
ការធានាលើបណ្តាញសេវានេះ នឹងផ្តល់សំណង ដល់អតិថិជនដោយស្វ័យប្រវត្តិ នៅពេលដែលអតិថិជនជួបប្រទះសេវាកម្ម រអាក់រអួលរាល់ពេលធ្វើការ ហៅចេញក្នុងប្រព័ន្ធ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតនូវការធានា ជូននូវបណ្តាញសេវា ក្នុងគោលបំណងបង្កើនការទុកចិត្ត និងតម្លាភាព នៃសេវាកម្មដល់អតិថិជន។
នាយកប្រតិបត្តិរបស់សែលកាត លោក អៀន វ៉ាត់សុន បានថ្លែងថា អតិថិជននៅកម្ពុជា សមនឹងទទួលបានគុណភាព សេវាកម្មស្តង់ដារពិភពលោក ពីប្រតិបត្តិករទូរគមនាគមន៍របស់ពួកគេ រួមទាំងសេវាគ្របដណ្តប់ល្អ ល្បឿនអ៊ីនធើណិតលឿន រួមទាំងតម្លៃសមរម្យផងដែរ។
លោក អៀន វ៉ាត់សុន បានបញ្ជាក់ទៀតថា នេះគឺជាការសន្យារបស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់ជូនអតិថិជនរបស់យើង នូវបណ្តាញដ៏ល្អបំផុត ដែលជាគុណតម្លៃដ៏វិសេសវិសាល បូករួមនឹងការផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ល្អបំផុត»។
នាយកប្រតិបត្តិរបស់សែលកាត រូបនេះ បានបន្តទៀតថា ក្រុមហ៊ុនសែលកាត បានកំណត់ពេលវេលា នៃការធានាលើបណ្តាញរបស់ខ្លួន ជាមួយនឹងការទទួលបានពានរង្វាន់ចុងក្រោយបំផុត ពីពានរង្វាន់ Ookla Speedtest Awards ដែលបង្ហាញថា ក្រុមហ៊ុនសែលកាតជាក្រុមហ៊ុនតែមួយគត់ ដែលបានខិតខំកែប្រែល្បឿន 4G របស់ខ្លួន ចាប់តាំងពីការធ្វើតេស្តចុងក្រោយ នៅក្នុងត្រីមាសទី៣ និងទី៤ ក្នុងឆ្នាំ២០១៧។
«ជាការពិតណាស់ ចាប់តាំងពីយើង បានឈ្នះពានរង្វាន់ Ookla Speedtest ដំបូងក្នុងត្រីមាសទី១ និងទី២ នៅក្នុងឆ្នាំ២០១៧ យើងបានកើនពិន្ទុល្បឿន របស់យើងរហូតដល់ ៩.១»។ យើងមានមោទនភាពណាស់ ដែលបានឈ្នះការធ្វើតេស្តល្បឿន Ookla ក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះ» នេះជាការបន្ថែមរបស់លោក អៀន វ៉ាត់សុន។
លោក វ៉ាត់ សុន បានថ្លែងទៀតថា ក្រុមហ៊ុនសែលកាត បាននិងកំពុងមមាញឹក ក្នុងការផ្ដល់ព័ត៌មានដល់អតិថិជន អំពីភាពរអាក់រអួល នៃបណ្ដាញសេវា ដោយសារតែការបង្កើនគុណភាព និងពង្រីកបណ្ដាញ កំពុងចាប់ផ្ដើម ដំណើរការ។
បន្ថែមពីនេះទៀត យើងក៏បានជូនដំណឹង ជាសាធារណៈ នៅលើគេហទំព័រ នៅពេលដែលមានស្ថានភាពអាសន្ន ដូចជាព្យុះ បញ្ហារលកធាតុអាកាសកើនឡើងខ្លាំង និងកំហុសសំណង់ ដែលបណ្តាលឲ្យខូចខាត ដល់បណ្តាញសេវាទូរស័ព្ទ។
លោក វ៉ាត់សុន បាននិយាយថា «យើងកំពុងកសាងបណ្តាញដ៏ល្អបំផុតនៅកម្ពុជា ហើយភាពរអាក់រអួល នៃបណ្ដាញសេវាអាចនឹងកើតមាន។ តែអ្វីដែលសំខាន់នោះ គឺល្បឿនក្នុងការស្តារសេវាឡើងវិញ ហើយជាពិសេសនោះ គឺការផ្ដល់ព័ត៌មានដល់អតិថិជនរបស់យើងឲ្យដឹង»។
លោកថា ការធានាជូននូវបណ្តាញសេវា របស់ក្រុមហ៊ុនសែលកាត នឹងធ្វើឲ្យសកម្មភាព និងការប្តេជ្ញាចិត្តរបស់យើង ស្ថិតនៅក្នុងតម្លាភាព បើកចំហរពេញលេញ ស្របពេលដែលយើងកំពុងបន្តដំណើរ ក្នុងការផ្តល់ទិន្នន័យ ទូរស័ព្ទចល័ត ក្នុងតម្លៃសមរម្យបំផុត សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ដើម្បីអភិវឌ្ឍជាតិ និងសេដ្ឋកិច្ច៕