(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួបរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន និងនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តដឹកនាំប្រទេសឆ្ពោះទៅរកត្រើយសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពគ្រប់វិស័យ។
ជាការឆ្លើយតបជាមួយការអំពាវនាវខាងលើនេះ កងទ័ពទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការរងកំពង់ធំ បានប្រកាសថា រង់ចាំបទបញ្ជាជានិច្ចពីថ្នាក់លើ ដើម្បីរួមជាមួយកម្លាំងលើកិច្ចការពារសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការពេលបោះឆ្នោតនាប៉ុន្មានថ្ងៃខាងមុខនេះ។
ការអំពាវនាវរបស់អភិបាលខេត្តកំពង់ធំ និងការប្តេជ្ញាចិត្តរបស់កងទ័ព បានធ្វើឡើងនាឱកាសលោកអញ្ជើញចុះសាកសួសុខទុក្ខកងកម្លំាង នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ និងបាននាំយកអង្ករចំនួន២តោន មី១៨កេះតូច និងទឹកបរិសុទ្ធ២០កេះ ជូនទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះលោក សុខ លូ ដែលបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ រួមទាំងបានបង្ហាញនូវមនោសញ្ចេតនាដ៏រាក់ទាក់រួសរាយ បង្កប់នូវភាពស្និទ្ធស្នាលដល់កងកម្លំាងផងដែរ។
អភិបាលខេត្តបានលើកឡើងពីគុណបំណាច់របស់អតីតយុទ្ធជន និងពលទាហានទាំងអស់ ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងមាតុភូមិ និងចូលរួមកសាងប្រទេសឡើងវិញពីចំណុចសូន្យ រហូតទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់។
លោកបញ្ជាក់ថា កងកម្លំាងសមត្ថកិច្ច គឺឯករាជ្យចំពោះគណបក្សនយោបាយ ដោយមិនមានភាពលំអៀងលើនិន្នាការនយោបាយរបស់គណបក្សណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញកងកម្លំាងគឺជាសមត្ថកិច្ចជំនាញ ក្នុងការការពារស្របទៅតាមច្បាប់កម្ពុជា។
កន្លងមក កងកម្លាំងចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ សូមឱ្យរក្សានូវវប្បធម៌នេះបន្តទៀត និងបានប្តេជ្ញាការពាររាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអាចរក្សានូវសុខសុវត្ថិភាព ស្ថិរភាព ដើម្បីអនាគត់កូនចៅជំនាន់ក្រោយ៕