(ស្វាយរៀង)៖ លោក សៅសុវណ្ណី ប្រធានក្រុមការងារចុះជួយជួយឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធ ដើម្បីនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។
ការថ្លែងអំពាវនាវយ៉ាងដូច្នេះ ខណៈដែលលោក និងក្រុមការងារអញ្ជើញចូលរួមប្រគេនទៀន និងទេយ្យទានចំនួន៦វត្ត នៅវត្តសិរីវង្សឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងថា សន្តិភាពដែលទទួលបានជិត៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង និងជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើន ដោយមិនដែលភូតភរកុហក ដូចអ្នកនយោបាយប្រថុយប្រថានមួយចំនួននោះឡើយ។
នៅក្នុងឱកាសនោះ លោកក៏បានបញ្ជាក់ថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនឥតឈប់ឈរ សូមឱ្យប្រជាពលរដ្ឋទាំងអស់ទៅចូលរួមការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តឱ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព៕