(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងចេញដឹកនាំសមាជិក សមាជិកាប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។

យោងតាមលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើទៅកាន់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា តាមរាជធានី-ខេត្តនាពេលកន្លងទៅបានឲ្យដឹងថា ការដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ នឹងធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

បើតាមលិខិតដដែលនេះបានគូសបញ្ជាក់ថាថា មុននឹងចេញដង្ហែក្បួនសម្តេចប្រមុខបក្សកាន់អំណាច នឹងមានការថ្លែងសារនយោបាយជូនមហាជន ហើយការថ្លែងសារនេះ នឹងផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។

ក្នុងនោះទូរទស្សន៍ Fresh News ដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះ ក៏នឹងផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នេះផងដែរ។

ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ថ្ងៃស្អែកនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។ កាលពីក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០១៧កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតបែបនេះផងដែរ។

ចាប់តាំងពីការបោះឆ្នោតឡើងដំបូងនាឆ្នាំ១៩៩៣ សម្តេចតេជោ ហ៊ុន សែន មិនដែលចេញដឹកនាំក្បួនឃោសនារកសំឡេងឆ្នោតនោះឡើយ ពោលប្រមុខបក្សរូបនេះតែងធ្វើសកម្មភាពខ្លាំងនៅមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោតចូលមកដល់។ លុះដល់ថ្ងៃឃោសនារកសំឡេងឆ្នោត សម្តេចតេជោ ហ៊ុន សែន តែងតែរក្សាភាពស្ងប់ស្ងាត់។

ដូច្នេះសម្រាប់ការចេញដឹកនាំក្បួនឃោសនាដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង។ ជាពិសេសតាមរយៈសកម្មភាពនេះ បានបង្ហាញថា ប្រមុខបក្សកាន់អំណាចរូបនេះបានផ្តល់តម្លៃខ្ពស់លើការប្រកួតប្រជែងជាលំអាននៃលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននោះ។

ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានកម្លាំងរហូតដល់ទៅ២៥ម៉ឺននាក់ចេញដង្ហែបិទក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតទៅ នៅក្នុងរាជធានីភ្នំពេញនេះ ក៏មានគណបក្សនយោបាយ៦ផ្សេងទៀត បានចេញដង្ហែបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតផងដែរ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ។

របាយការណ៍បានឲ្យដឹងថា គណបក្សនយោបាយទាំង៦នោះរួមមាន៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ, គណបក្ស​សញ្ជាតិ​កម្ពុជា, គណបក្ស​ខ្មែរ​ក្រោក, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច, គណបក្ស​ហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួម។ បើតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា ការដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងរាជធានីភ្នំពេញ មានអ្នកចូលរួមសរុបទាំងអស់ជាង ៣២​ម៉ឺន​នាក់ និង​មាន​រថយន្ត​ចំនួន ៣,៦៧០​គ្រឿង ម៉ូតូ​កង់​បី​ជិត ១​ពាន់​គ្រឿង និង​ម៉ូតូ​ជាង ៨ពាន់​គ្រឿង៕