(ភ្នំពេញ)៖ លោក សាន្ត សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ បានដោះលែងស្ត្រីម្នាក់ ដែលយកកូនកាំបិតចាក់គូរទំនាស់ រងរបួសនៅខណ្ឌដូនពេញឲ្យមានសេរីភាពវិញ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដូចពេញ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
ស្ត្រីជាជនត្រូវចោទមានឈ្មោះ សាន់ ពិសី អាយុ៣២ឆ្នាំ មុខរបរមានទីលំនៅផ្ទះលេខ១៦៤E៤ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ត្រូវបានលោក រៀល សុភិន ជាតំណាងអយ្យការ ចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» យោងតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ បានឃាត់ខ្លួនជនត្រូវចោទខាងលើ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លន់ សាវី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ៣២៤E៣ ផ្លូវលេខ៤៩ ភូមិទី៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយចោទប្រកាន់លើជនត្រូវចោទថា បានយកកូនកាំបិតចាក់លើខ្លួន បណ្តាលឲ្យរបួសចំកែងដៃខាងស្តាំរបួសធ្ងន់។
ហេតុការណ៍បង្កហិង្សាខាងលើបានកើតឡើងកាលពីវេលាទាបភ្លឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ៣១៩E៣ ផ្លូវលេខ៤៩ ភូមិទី៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕