(កំពង់ធំ)៖ គណៈកម្មាធិការគណបក្សប្រជាជន ឃុំបន្ទាយស្ទោង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីបញ្ចូលសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១៦៦នាក់ ដែលមកពីអតីតបក្សប្រឆាំង នៅតាមភូមិទាំង១៥ របស់ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសទទួលស្គាល់សមាជិកថ្មីខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត, អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង។
ថ្លែងក្នុងឱកាសនោះលោក សោម ស៊ុន បានលើកឡើងពីប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែ គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំអំពីសុខទុក្ខ និងការលំបាកខ្វះខាតរបស់ប្រជាជននៅទូទាំងប្រទេស ហើយសមាជិកណា ក៏អាចមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានដែរ។
សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាថ្មីទាំង១៦៦នាក់ បានប្តេជ្ញាចិត្តសាមគ្គីឯកភាពគ្នាជាសាច់ជាឈាមជាមួយគណបក្សប្រជាជនកម្ពុជា និងប្តេជ្ញាចិត្តទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦ទៀត៕