(ស្ទឹងត្រែង)៖ នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជំនួយបន្ថែម ជាមុងជ្រលក់ថ្នាំចំនួន ៤០០០មុង និងថ្នាំពេទ្យ ក្រសួងបានដឹកទៅដល់គោលដៅ និងចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង រួចរាល់ហើយ ។
រដ្ឋមន្ដ្រីបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចល័ត របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត សហការជាមួយមណ្ឌលសុខភាពសៀមប៉ាង បានចុះទៅ ភូមិ ញាំងស៊ុធំ, ឡាកាយ និងទីទួលសុវត្ថិភាព កោះទន្សាយ ឃុំសន្តិភាព នឹងបានចែកមុងជ្រលក់ថ្នាំចំនូន១៥០មុង(មុងអង្រឹង១០០,មុងគ្រែ៥០, ផ្តល់ថ្នាំបង្ការ ជំងឺកញ្ជ្រឹល និងគ្រុនស្វិតដៃជើងដល់កុមារ ចំនួន៥០នាក់
ចែកថ្នាំ chloramine ១៧,០០០ គ្រាប់,អប់រំសុខភាព បាន២០៨នាក់ និងពិនិត្យព្យាបាលជំងឺ បានចំនួន១២៣នាក់ ។
សូមជម្រាបថា បន្ទាប់ពីទទួលបានដំណឹងពីការលិចលង់ដោយទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ ដោយប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់មួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពនោះ នៅព្រឹកមិញនេះ លោក ម៉ម ប៊ុនហេង ក៏បានប្រាប់ឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត ប្រញាប់ចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺគ្រុនចាញ់ជូនដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដែលងាយរងគ្រោះដោយសារទឹកជំនន់នោះ។
លោករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ការពារសុខភាពតាមរយៈការហូបស្អាតទឹកស្អាត និងកុំឲ្យកូនតូចៗ លេងទឹកដោយធ្វេសប្រហែសដោយសោះ ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ ។
គិមមកដល់វេលាយប់នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួន នៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ការលិចលង់នេះ បង្ខំឲ្យអាជ្ញាធរត្រូវជម្រៀលប្រជាជនទៅរកកន្លែងសុវត្ថិភាពមួយចំនួនផងដែរ ៕