(ភ្នំពេញ)៖ លោក អ៉ី រិន ប្រធានលេខាធិការដ្ឋាននៃអគាធិដ្ឋានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ ដល់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្កប្រចាំតុលាការថា ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យឃុំខ្លួន មនុស្សចំនួន៨នាក់ ដែលពួកគេបានធ្វើជាសន្តិសុខក្រុមហ៊ុនឯកជនជាប់ពាក់ព័ន្ធ ករណីក្លែងជាសមត្ថកិច្ច និងប្រើប្រាស់ អាវុធខុសច្បាប់។
តែយ៉ាងណានោះ លោក អ៉ី រិន បានប្រាប់ថា ជាប់រវល់នៅខាងក្រៅនិងបានបង្វែរសំណួរនេះ អោយអ្នកកាសែតសួរមន្ត្រីម្នាក់ផ្សេងទៀត ទាំងមិនមានចម្លើយដដែល ពាក់ព័ន្ធមូលហេតុពិតប្រាកដ។
ពាក់ពន្ធ័ដល់ដើមចមដែលនាំឲ្យឃុំខ្លួនក្រុមជនសង្ស័យទាំង៨នាក់នេះ ប្រភពបានបញ្ជាក់ថា គឺធ្វើឡើងបន្ទាប់ពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរលើជនត្រូវចោទចំនួន៨នាក់ ពាក់ព័ន្ធរឿងបានធ្វើជាក្រុមសន្តិសុខយាមធនាគារ ព្រោះតែបន្លំខ្លួនជាកងកម្លាំងនគបាលនិងយោធារួមនឹងប្រើអាវុធដោយខុសច្បាប់។
សូមបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៨នាក់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបាន កម្លាំងនគរបាល នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃ បញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយនគរបាលជំនាញ បើកការស្រាវជ្រាវ រកឃើញថា ពួកគេបានប្រើប្រាស់តួនាទីជាកងកម្លាំងនគរបាលជាតិ ជាយោធា និងកាន់កាប់អាវុធខុសច្បាប់ ដើម្បីទៅបម្រើការជាសន្តិសុខ យាមនៅមុខ ធនាគារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ ជនសង្ស័យទាំង ១២នាក់ បានប្រើប្រាស់លិខិត ឯកសណ្ឋាន ជាកងកម្លាំង នគរបាលជាតិ និងយោធា កងខេមភូមិន្ទ ក្លែងក្លាយ និងមានប្រដាប់ដោយអាវុធផង ទៅបំពេញមុខងារជាសន្តិសុខឯកជន នៅធនាគារមួយចំនួន ដូចជា ធនាគារ ABA Bank ធនាគារ May Bank ធនាគារ RHB Indochina Bank និងធនាគារ Hong Le Ong Bank។
របាយការណ៍ដដែលបាន ឲ្យដឹងថា ជនសង្ស័យ ចំនួន ០៨ នាក់ដែលត្រូវបញ្ជូនទៅកាន់តុលាការ រួមមាន៖
-ទី១ ឈ្មោះ សរ វិរៈ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមេក្លោង បន្លំខ្លួនជាមេ នគរបាល ដើរប្រកាសជ្រើសរើស នគរបាលចូលក្របខណ្ឌ កងកម្លាំងនគរបាលជាតិ និងបំពាក់អាវុធ ដោយមានលិខិតបញ្ជាបេសកម្មក្លែងក្លាយ ដល់កម្លាំងដែល រូបគេជ្រើសបាន និងបានបញ្ជូនពួកឲ្យទៅធ្វើជាសន្តិសុខ យាមតាមធនាគារខាងលើ។
-ទី២ ឈ្មោះ ឃិត សុខឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាមេក្លោង បន្លំខ្លួនជាមេ យោធា ដើរប្រកាសជ្រើសរើស ទាហានឲ្យចូលក្របខណ្ឌ កងខេមរភូមិន្ទ និងបំពាក់អាវុធ ដោយមានលិខិតបញ្ជាបេសកម្មក្លែងក្លាយ ដល់កម្លាំងដែល រូបគេជ្រើសបាន និងបានបញ្ជូនពួកឲ្យទៅធ្វើជាសន្តិសុខ យាមតាមធនាគារខាងលើ។
-ទី៣ ឈ្មោះ ឡូច ម៉េងហួង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ
-ទី៤ ឈ្មោះ វ៉ន សុផានិត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ
-ទី៥ ឈ្មោះ លី ឃាន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ
-ទី៦ ឈ្មោះ ផុស សឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ
-ទី៧ ឈ្មោះ ក្រាក់ ទៀង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ
-និងទី៨ ឈ្មោះ ឌិន ធុន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ សន្តិសុខ ការពារនៅគោលដៅ ធនាគារខាងលើ។
សូមបញ្ជាក់ថា កម្លាំងនគរបាល នៃនាយកដ្ឋាន គ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ក្រុមជនសង្ស័យ សរុបចំនួន ១២នាក់ កាលពីអំឡុងថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមគោលដៅ ធនាគារ ធំៗខាងលើ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួន ដូចជា៖
-អាវុធខ្លីចំនួន ១០ដើម (ម៉ាករ៉ូឡូ ០៣ដើម ម៉ាកកា៥៩ ០៣ដើម ម៉ាកកា៥៤ ០៣ដើម និងម៉ាកMAC CAL 9mn ០១ដើម)
-វិទ្យុទាក់ទង ចំនួន ០៨គ្រឿង
-និងលិខិត ក្លែងក្លាយ រួមទាំងសម្ភារ មួយចំនួនធំ៕