(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវកម្មវិធីទូរស័ព្ទឆ្លាតវ័យ (Mobile Apps) ឈ្មោះថា «Cambodia Best Hospitality» សម្រាប់ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អសេវាសាធារណៈរបស់ក្រុង-ខណ្ឌ-ស្ថាប័ន បេក្ខភាព នៃចលនាប្រឡងប្រណាំង ទីក្រុងស្អាត។
ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈសេចក្ដីជូនដំណឹងលេខ ៧៤២សជណ.ផក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ របស់ទីស្ដីការ គណៈរដ្ឋមន្ដ្រី គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតរៀបចំនូវស្ដង់ដា «បដិសណ្ឋារកិច្ចល្អសេវាសាធារណៈរបស់ក្រុង-ខណ្ឌ-ស្ថាប័ន ស្ថិតក្នុងបេក្ខភាព នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត» ដើម្បីចូលរួមដល់កំណែទម្រង់ស៊ីជម្រៅរាជរដ្ឋាភិបាល សំដៅបម្រើសេវាសាធារណៈ ជូនប្រជា-ពលរដ្ឋប្រកបដោយភាពកក់ក្ដៅ និងដើម្បីឱ្យ «បដិសណ្ឋារកិច្ចល្អជារបៀបវារៈជាតិ» និងក៏ដូចជាស្របតាម ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា «មន្ដ្រីគឺជាអ្នកបម្រើរាស្ដ្រដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយទេ»។
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានបង្កើតកម្មវិធីទូរស័ព្ទឆ្លាតវៃ (Mobile Apps) ដែលមានឈ្មោះថា៖ «Cambodia Best Hospitality» ដើម្បីផ្ដល់ភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ វិស័យឯកជន និងប្រតិបត្តិករទេសចរចូលរួមផ្ដល់មតិយោបល់វាយតម្លៃលើសេវាសាធារណៈ របស់ក្រុង-ខណ្ឌ-ស្ថាប័ន ស្ថិតក្នុងបេក្ខភាព នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត។
យោងតាមសេចក្ដីជូនដំណឹងលេខ ០២៧សជណ.គជវទ ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឱ្យដឹងថាកម្មវិធីនេះអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ វិស័យឯកជន និងប្រតិបត្តិករទេសចរអាចទាញយក (Download) កម្មវិធីនេះតាមរយៈ (App Store ចំពោះទូរស័ព្ទ IPhone និង Play Store សម្រាប់ទូរស័ព្ទ Android) ដោយឥតគិតថ្លៃ និងងាយស្រួលក្នុងការវាយតម្លៃ ដោយប្រជាពលរដ្ឋម្នាក់ៗ អាចផ្ដល់មតិយោបល់ វាយតម្លៃជារៀងរាល់ខែ លើបេក្ខភាពក្រុង-ខណ្ឌ-ស្ថាប័ន ស្ថិតក្នុងបេក្ខភាព នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត៕