(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការដោះស្រាយបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។ នេះបើយោងតាមសេចក្តីប្រកាស គ.ជ.ប ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
នៅក្នុងសេចក្តីប្រកាសនោះ បានឱ្យដឹងទៀតថា រហូតមកដល់ថ្ងៃនេះ មានបណ្តឹងសរុបចំនួន២៤បណ្តឹង ក្នុងនោះ២៣បណ្តឹង ត្រូវបានដាក់ទៅគណៈកម្មាធិការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងមួយបណ្តឹង ប្តឹងផ្ទាល់មកគណៈកម្មាការខេត្តរៀបចំការបោះឆ្នោត។
តាមសេចក្តីប្រកាសរបស់ គ.ជ.ប បានឱ្យដឹងទៀតថា ចំពោះ២៣បណ្តឹងនោះ ដោះស្រាយដូចខាងក្រោម៖
* ៣បណ្តឹង កំពុងដោះស្រាយ
* ២០បណ្តឹង ដោះស្រាយរួចដោយ គឃ.សប ។ ប៉ុន្តែក្នុងចំណោមនោះមាន៦ បណ្តឹងបានប្តឹងបន្តមក គ.ខ.ប ក្នុងនោះមាន១បណ្តឹង ត្រូវដើមបណ្តឹងដកពាក្យបណ្តឹងវិញ ហើយ៥ បណ្តឹង គ.ខ.ប នឹងបើកសវនាការនៅ គ.ខ.ប ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៨ ស្អែកនេះ នៅវេលាម៉ោង ៨៖០០នាទីព្រឹក ដែលទាំង៥បណ្តឹងនេះពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ។
ដោយឡែក១បណ្តឹងទៀតដែលប្តឹងផ្ទាល់មក គ.ខ.ប ត្រូវបានដោះស្រាយសះជារួចហើយ។
ចំពោះករណីនេះគណបក្សប្រជាជនកម្ពុជា ស្នើរសុំ គ.ជ.ប ចាត់វិធានការចំពោះលោក ជួង ជូងី ហើយ គ.ជ.ប កំពុងតែពិនិត្យ។
សូមបញ្ជាក់ថា បើតាមលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប គឺអតីតតំណាងរាស្រ្តរបស់ អតីតគណបក្សសង្រ្គោះជាតិម្នាក់ រួមជាមួយនឹងសមាជិកក្រុមប្រឆាំង៤នាក់ផ្សេងទៀត អាចនឹងរងវិធានការផ្លូវច្បាប់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីពួកគេបានដឹកនាំធ្វើយុទ្ធនការម្រាមដៃស្អាត នៅក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីប្រឆាំងចំពោះការបោះឆ្នោតនៅកម្ពុជា៕