(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានព្រមានពីការឡើងកម្ពស់ទឹកទន្លេសេកុង ដោយមិនទាន់មានសញ្ញាណាមួយ នៃការស្រកចុះនោះទេ ប៉ុន្ដែការហក់ឡើងសន្សឹមៗតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ស្ថានភាពទឹកទន្លេសេកុងនេះ មិនមានការគំរាមកំហែងដល់ទន្លេមេគង្គនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច នាយប់ថ្ងៃនេះ លោក ចាន់ យុត្ថា បានថ្លែងយ៉ាងដូច្នេះថា «គិតចាប់ពីម៉ោង៥ល្ងាច រហូតមកដល់ពេលនេះ (ម៉ោងជិត៨យប់) ទឹកទន្លេសេកុងបានឡើងរហូតដល់កម្រិត នៃការប្រកាសអាសន្ន គឺកម្ពស់១១.៥០ម៉ែត្រ។ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញមានសញ្ញាណាមួយ នៃការស្រកចុះនៅទន្លេសេកុងនោះទេ តែក៏មិនឡើងយ៉ាងគំហុកដែរ ពោលឡើងដោយសន្សឹមៗ ព្រោះតែទទួលទឹកមកពីប្រទេសឡាវ»។
ទោះជាយ៉ាងណា លោក ចាន់ យុត្ថា បានប្រកាសដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ កុំមានការព្រួយបារម្ភ ព្រោះជំនន់ទឹកមិនបានទៅគំរាមកំហែង នៃការកើនឡើងទឹកទន្លេមេគង្គនោះទេ។
ត្រង់ចំណុចនេះ លោកបានពន្យល់ថា ទន្លេសេកុង កម្រិតទឹកអតិបរមាគឺមានធារទឹកពី ១,០០០ទៅ ១,២០០ម៉ែត្រគូបក្នុងមួយវិនាទី ចំណែកឯធារទឹករបស់ទន្លេមេគង្គ គឺចាប់ពី៣៨,០០០ ទៅជាង៤០,០០០ម៉ែត្រគូបក្នុងមួយវិនាទី ដូច្នេះបើទោះបីទន្លេសេកុង ហូរចូលទន្លេមេគង្គយ៉ាងណាក៏ដោយ ក៏មិនមានការគំរាមកំហែងដែរ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សម្រាប់ទំហំនៃការប៉ះពាល់ គឺប៉ះពាល់តែនៅសងខាងទន្លេសេកុងតែប៉ុណ្ណោះ។
សូមជម្រាបថា ការឡើងកម្ពស់ទឹកបានបណ្ដាលឲ្យឃុំចំនួន៤ ក្នុងចំណោមឃុំទាំង៥ របស់ស្រុកសៀមប៉ាងជាប់ព្រំដែន ខេត្តអត្តពឺ ប្រទេសឡាវ ត្រូវជន់លិច ហើយប្រជាពលរដ្ឋជិត៥,០០០គ្រួសារ ដែលរស់នៅក្នុងឃុំទាំង៤នេះ បាននិងកំពុងទទួលរងផលប៉ះពាល់ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ កំពុងជួយជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន មិនទាន់អាចបញ្ជាក់តួលេខផ្លូវការ ស្ដីពីការជម្លៀសប្រជាពលរដ្ឋចេញពីទឹកជំនន់នៅឡើយទេ ដោយកំពុងបូកសរុប និងកំពុងជួយអន្ដរាគមន៍ ដោយមានទាំងកម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងយោធាផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់ថា ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានបន្តជន់លិចចូលភូមិឋានប្រជាពលរដ្ឋយើងមួយចំនួនបន្ថែមទៀត ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយទឹកជំនន់បានលិចចូលភូមិសរុបចំនួន១៧ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ។
ដោយឡែក សម្រាប់កម្លាំងដែលកំពុងត្រៀម និងចេញអន្ដរាគមន៍គ្រោះទឹកជំនន់នេះ មានទាំងកម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងយោធាផងដែរ ដែលកំពុងឈរជើងនៅតំបន់តែកំពុងមានគ្រោះថ្នាក់ខាងលើ។
គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ដែលកំពុងស្ថិតក្រោមការដឹកនាំសាងសង់ឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូង បានបាក់កាលពីល្ងាចថ្ងៃចន្ទ ដោយបណ្តាលឲ្យមនុស្សខ្ទង់រយនាក់បាត់ខ្លួន និងរាប់ពាន់នាក់ទៀតបាត់បង់ទីជម្រក ខណៈសាកសពមនុស្សប្រមាណ១៩នាក់ ត្រូវគេរាយការណ៍ថាបានរកឃើញ៕