(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាក់ថា កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត អធិការដ្ឋានស្រុក និងមូលដ្ឋានប៉ុស្តិ៍នគបាលទាំងអស់ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចេញជួយអន្តរាគមន៍សង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។
មន្រ្តីសាលាខេត្តក្រចេះក៏បានឱ្យដឹងដែរថា រហូតមកដល់ថ្ងៃទី២៥ ខែកក្កដានេះ ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គមិនទាន់គំរាមកំហែងដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ ខណៈការជន់លិចកំពុងកើតមាននៅតំបន់វាលទំនាប ដូចតាមទម្លាប់រាល់ឆ្នាំតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ កម្ពស់ទឹកទន្លេបានហក់ឡើង ១៩.៨៥ម៉ែត្រ ខណៈដែលស្ថានភាពទឹកជំនន់បាននិងកំពុងតែជន់ឡើងជារៀងរាល់ថ្ងៃ ហើយកម្លាំងនគរបាលនៅទូទាំងខេត្តក្រចេះ ក៏បាននិងកំពុងត្រៀមកងកម្លាំងនគរបាល និងសម្ភារសង្រ្គោះផ្សេងៗផងដែរ ដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋឱ្យរួចផុតពីការលិចលង់។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ លោកឧត្តមសេនីយ៍ទោបានដឹកនាំកងកម្លាំងនគរបាលអន្តរាគមន៍ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមភូមិសាស្រ្តងាយរងគ្រោះដោយការលិចលង់ តាមបណ្តោយដងទន្លេមេគង្គ។
លោកស្នងការបានបញ្ជាក់ទៀតថា លោកបានចាត់ឱ្យលោកស្នងការរង និងអធិការដ្ឋាននគរបាលស្រុក-ក្រុង ត្រៀមលក្ខណៈឱ្យជាប់ជាប្រចាំ ដើម្បីត្រៀមសង្រ្គោះពលរដ្ឋដែលរងគ្រោះដោយលិចលង់ និងត្រៀមកិច្ចការងារការពារ សុខសុវត្ថិភាពក្នុងអំឡុងមុន និងថ្ងៃបោះឆ្នោឱ្យបានម៉ឺងម៉ាត់ផងដែរ៕