(ព្រៃវែង)៖ ដើម្បីទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនាក្នុងរដូវចូលព្រះវស្សាខាងមុខ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអគ្គនាយករងភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រគេននូវទានវស្សា និងទយ្យទានចំនួន២៣មុខ ប្រគេនព្រះសង្ឃចំនួន៩វត្ត៖ វត្តព្រៃសម្លាញ វត្តបន្ទាយទឹក វត្តកែវមុន្នីឧត្តម វត្តម្លូ ហៅវត្តព្រះម្លូ វត្តពោធិ៍អណ្តែត វត្តស្នាយស វត្តកំពង់ប្រាំង វត្តព្រែកចំប៉ា និងវត្តតាំងរលាង ស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក ឈន សារ៉ាណេ ក៏បានប្រគល់ជូនសម្លៀកបំពាក់កីឡាជូនសិស្សសាលាអនុវិទ្យាល័យព្រៃស្នៀតចំនួន ២៨០ឈុត និងជូនខោអាវកីឡាជូនសិស្សសាលាបឋមសិក្សាព្រែកផ្គាំចំនួន ៧៥ឈុត តាមការស្នើសុំរបស់សាលាទាំង២ នាពេលកន្លងមក។
លោកបានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានលេខ រៀងទី២០ និងមានរូបទេវតាបាចផ្កាឱ្យបានគ្រប់គ្នា។
នាយឧត្តមសេនីយ៍ ក៏បានជម្រាបប្រជាពលរដ្ឋដែលចូលរួមប្រមាណ ៣០០នាក់ផងដែរថា ដោយសារមានការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ។
លោកថា តំបន់នេះជាតំបន់លិចទឹកមិនដែរមានផ្លូវស្ពាននោះទេ តែបច្ចុប្បន្នមានទាំងអស់ តើការដឹកនាំនេះទៅមុខ ឬថយក្រោយ ហើយសូមកុំជឿលើជនប្រឆាំងមួយចំនួនតូច ដែលតែតែងញុះញុងឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំលើរាជរដ្ឋាភិបាល។
ដោយមានសំណូមពរពីព្រះសង្ឃ លោកតាអាចារ្យ លោកយាយជីប្រជាពលរដ្ឋក្នុងការស្ថាបនាផ្លូវមួយខ្សែប្រវែង ៥០០ម៉ែត្រ ស្ថិតនៅភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង លោកបានឯកភាពផ្តល់ជូនតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ៕