(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកំចាយមារ តំណាងលោក ស ថេង ប្រធានក្រុមការងារ បានពន្យល់ទៅកាន់សមាជិកសកម្មនាំមុខគណបក្សប្រជាជន ជាង ១,១០០នាក់ ការបោះឆ្នោត ជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយប្រជាធិបតេយ្យ ជាមូលដ្ឋានគ្រឹះនៃសន្តិភាព ហើយសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។
នៅថ្ងៃទី ២៥ ខែ កក្កដា ២០១៨ លោក ស្តើង សុខុម បានចំណាយកពេលវេលាពេញមួយថ្ងៃដើម្បីជួបជាមួយសមាជិកសកម្មនាំមុខ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងស្មារតីត្រៀមដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី២០ នៅថ្ងៃបោះឆ្នោតសាកលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោកអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកំចាយមារ បានពន្យល់ដល់សមាជិក សមាជិកាបក្សពីជំហររបសគណបក្សប្រជាជនកម្ពុជាក្នុងការប្រកាន់យករបបប្រជាធិបតេយ្យ ព្រោះតែរបបនេះបានផ្តល់សិទ្ធិ និងអំណាចស្ថិតក្នុងកណ្តាប់ដៃប្រជាពលរដ្ឋ។
«ប្រជាធិបតេយ្យត្រូវផ្សារភ្ជាប់ជាមួយនីតិរដ្ឋ មាននីតិរដ្ឋវានិងនាំប្រទេសឲ្យមានសណ្តាប់ធ្នាប់ល្អ និងធ្វើឲ្យប្រទេសមានការរីកចម្រើន ប្រជាជនរស់នៅដោយសេចក្តីសុខទាំងផ្លូវកាយ និង ផ្លូវចិត្ត ដែលនាំទៅដល់ភាពសុខដុមនៅក្នុងសង្គម ដែលជាមូលដ្ឋាននៃសុខសន្តិភាព នៅពេលប្រទេសមានសុខសន្តិភាពហើយនោះ ការវិនិយោគបរទេសក៏និងមករកស៊ីនៅកម្ពុជា ទេសចរបរទេស និងមកទស្សនាកម្ពុជា វត្តមាននៃវិនិយោគ និងទេសចរ ធ្វើឲ្យប្រជាជនយើងមានការងារធ្វើ មានប្រាក់ចំណូលធ្វើឲ្យជីវភាពប្រជាជនមានភាពធូរធារ»។ លោក ស្តើង សុខុម បញ្ជាក់។
ក្នុងឱកាសនោះលោកអនុប្រធានក្រុការងារ ក៏បានរំលឹកឡើងវិញអំពីប្រវត្តិសាស្រ្តខ្លះៗនៃការបែកបាក់ និងសង្រ្គាមនៅកម្ពុជាដែលគិតចាប់តែពីឆ្នាំ១៩៧០ ដែលលន់ណុលបានធ្វើរដ្ឋប្រហារទម្លាប់សម្តេចព្រះ នរោត្តម សីហនុ។ លោកបានបន្តថា ការបែកបាក់ជាតិ ការដណ្តើមអំណាចគ្នាដោយប្រើកម្លាំង វាជារឿងរាប់រយឆ្នាំរបស់កម្ពុជារួចស្រេចទៅហើយ ដែលប្រជាពលរដ្ឋខ្មែរអាចមើលប្រវត្តិសាស្រ្តដែលបានសរសេរទុកនៅក្នុងសៀវភៅ «មហាបុរសខ្មែរ»។
លោកបន្តថា ប្រជាពលរដ្ឋមានវ័យចាប់ពី ៥០ឆ្នាំឡើង អាចដឹងនិងមានអ្នកខ្លះក៏បានចូលរួមជាមួយជាមេដឹកគណបក្សប្រជាជនក្នុងការរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បានចូលរួមស្ថារ និងអភិវឌ្ឍន៍ប្រទេសពីស្ថានភាពប្រទេសមានសន្តិភាពផង សង្រ្គាមផងបងប្អូនពិតជាអាចផ្តល់នូវសុភវិនិច្ឆ័យដ៏ត្រឹមត្រូវនិងយុត្តិធម៌ចំពោះគណបក្សប្រជាជនកម្ពុជា។
ដើម្បីភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ លោក ស្តើង សុខុម បានស្នើឲ្យសមាជិកសកម្មនាំមុខរបស់គណបក្សប្រជាជនត្រូវប្រុងប្រយ័ត្ននូវរាល់ការឃោសនាបំភ្លៃ របស់ក្រុមជ្រុលនិយមដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោត ក្នុងនោះមានការរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត បំភ្លៃកាលបរិច្ឆេទបោះឆ្នោតដែល រៀបចំដោយ គ.ជ.ប បំភ្លៃពីគុណភាពទឹកខ្មៅជ្រលក់ចង្អុលដៃ ដែលចិត្តសាស្រ្តទាំងអស់នេះ មានបំណងបំផ្លាញការបោះឆ្នោត។
ជាមួយគ្នានេះដែរ លោកក៏បានស្នើឲ្យសមាជិក សមាជិកា ទាំងអស់ត្រូវត្រៀមរាល់ឯកសារដែលប្រើប្រាស់ក្នុងការបោះឆ្នោតដោយត្រូវធ្វើ ការបែងចែកក្រុមការងារឲ្យបានច្បាស់លាស់ ដើម្បីចុះទៅក្រើនរំលឹកសមាជិកដល់ខ្នងផ្ទះប្រជាជន ប្រសិនគាត់ខ្វះឯកសារណាមួយត្រូវទាក់ទង់ធ្វើជូនគាត់ឲ្យបានទាន់ពេលវេលា និងណែនាំពីរបៀបគូសឲ្យចំសញ្ញារបស់គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ ក្នុងសន្លឹកឆ្នោតដែលមាន រូបទេវតាបាចផ្កាជាសម្គាល់៕