(ភ្នំពេញ)៖ មកដល់រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ យុទ្ធនាការសំណេះសំណាលឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា របស់គណៈចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជា បានបន្តមកដល់ខណ្ឌជ្រោយចង្វារ ដែលដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលភ្នំពេញ ដែលបានចុះជួបសកម្មជន និង តំណាងអ្នកគាំទ្រគណបក្សប្រជាជន យុវជន លោកគ្រូ អ្នកគ្រូ ទូទាំងខណ្ឌជ្រោយចង្វារខ្ទង់ពាន់នាក់ ដែលមលប្រមូលផ្តុំនៅសួនច្បារ ភូមិឯករង្សី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោក អូស្មាន ហាសាន់ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមកុំជឿតាមការញុះញង់ បំបែកបំបាក់របស់ជនអគតិមួយមួយក្តាប់តូច ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា។
លោកបានសូមអំពាវនាវឲ្យពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ដើម្បីបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី និងនៅជាម្លប់កក់ក្តៅដល់យើងទាំងអស់គ្នាតទៅមុខជាបន្តបន្ទាប់។
លោក អូស្មាន ហាស្សាន់ បន្តថាមានតែគណបក្ស ប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសាងគុណបំណាច់គ្រប់បែបយ៉ាង តាមរយៈបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាង អភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ កសាងការពារសន្តិភាព ជូនប្រជាជាតិ៕