(ភ្នំពេញ)៖ ដូចដែលធ្លាប់អនុវត្តន៍នាពេលកន្លងមក ដំរីនឹងត្រូវបានប្រើប្រាស់ដើម្បីដឹកសម្ភារបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតលេខ០០៨៣ ដែលមានទីតាំងនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងមានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលអង្គភាពសារព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលនេះ។

បើតាមសេចក្តីជូនដំណឹង គ.ជ.ប ការិយាល័យលេខ០០៨៣នេះ មានទីតាំងភូមិសាស្ត្រដ៏លំបាកដោយត្រូវប្រើដំរីជាយានជំនិះ ដើម្បីឆ្លងកាត់អូរប្លាយ និងជាមធ្យោបាយតែមួយគត់ដើម្បីអាចទៅដល់ ទីតាំងនោះ ដែលមានអ្នកបោះឆ្នោតរស់នៅចំនួន១៣៣នាក់។ នេះគឺជាភាពជាអ្នកបម្រើសេវារបស់ គ.ជ.ប។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតែមួយថ្ងៃគត់ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨​ ខាងមុខនេះ ចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៣៖០០នាទីរសៀល៕