(ព្រះវិហារ)៖ ស្របពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខិតជិតចូលមកដល់នោះ បានធ្វើឲ្យគណបក្សនយោបាយនានា ដែលបានចុះឈ្មោះតាមច្បាប់នៅ គ.ជ.ប បានខិតខំប្រឹងប្រែងរៀងៗខ្លួន ដើម្បីស្វែងរកសម្លេងគាំទ្រពីប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតតាមមធ្យោបាយ និងកម្មវិធីនយោបាយរបស់បក្សរៀងៗខ្លួនផងដែរ។
សម្រាប់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារទាំងមូល និយាយដោយឡែក សម្រាប់ក្រុងព្រះវិហារ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារថ្នាក់កណ្តាលដឹកនាំដោយលោក សួន ខាំឡ និងក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោកស្រី ចឹក ហេង ដែលជាក្រុមការងារចុះជួយក្រុងព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ សមាជិកគណបក្សមូលដ្ឋាន បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារឲ្យបានយល់ជ្រួតជ្រាប។
នៅក្នុងឱកាសនោះលោក សួន ខាំឡ និងលោកស្រី ចឹង ហេង បានប្រាប់បងប្អូនអាជីវករអំពីផលប្រយោជន៍របស់បងប្អូន នៅពេលដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺបងប្អូនលក់ដូរតាមផ្សារលើទីតាំងដីរដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដ៏ទៃបានដោយពុំមានកំណត់អាណត្តិ។ អភិវឌ្ឍន៍ និងពង្រឹងប្រពន្ធ័គាំពារសង្គមប្រកបដោយប្រសិទ្ធិភាពនិងចីរភាពដែលជួយគាំពារប្រជាជនគ្រប់រូប ពីជាជនណាម្នាក់ស្ថិតនៅក្រៅសង្គមគាំពារសង្គមឡើយ។
ជាមួយគ្នានោះ ផ្តល់សេវាសាធារណៈនូវគ្រប់ថ្នាក់ជូនប្រជាជន ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធិភាពនិងងាយស្រួល។ ក្រុមការងារបានប្រាប់បងប្អូនអាជីវករថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលះទេសះនោះ ដូច្នេះសូមបងប្អូនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន តទៅទៀត ដោយអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កាជាសំគាល់៕