(សៀមរាប)៖ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្ដើមដំណើរការនាដើមសប្ដាហ៍នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានប្រាប់ប្រជាពលរដ្ឋថា ការបង្កើតអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត គឺសម្រាប់ផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាមួយភាពទទួលខុសត្រូវខ្ពស់ ប្រើរយៈពេលឆាប់រហ័សក្នុងការផ្ដល់សេវាជូន យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃអង្គភាពច្រកចេញចូលតែមួយរាជធានី/ខេត្ត។
លោក ឃឹម ប៊ុនសុង បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីចែកបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ចំនួនជាង២ពាន់ក្បាលដី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅឯសង្កាត់គោកចក។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានកំពុងជំរុញ និងបានសម្រេចដាក់ឲ្យដំណើរការជាផ្លូវការ ដោយមានកំណត់នូវប្រភេទសេវា និងក្របខ័ណ្ឌការងារជាក់លាក់ ដែលមានមន្ត្រីជំនាញបច្ចេកទេស មកបំពេញការងារនៅអង្គភាពនេះ ធ្វើយ៉ាងណាដើម្បីឲ្យទទួលបាននូវប្រសិទ្ធិភាពខ្ពស់ និងមានតម្លាភាព ប្រកបដោយការទទួលខុសត្រូវ។
ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ អភិបាលខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តសៀមរាប គឺមានទីតាំងនៅរដ្ឋបាលសាលាខេត្តសៀមរាប ហើយនៅពេលចាប់ផ្ដើមនេះគឺមានមន្ត្រី និងបុគ្គលិកជំនាញ បច្ចេកទេស សរុបចំនួន២៤រូប ហើយសេវារដ្ឋបាលដែលបានប្រតិភូកម្ម មានចំនួន១៤វិស័យ។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះនៅខេត្តសៀមរាប មានការិយាល័យច្រកចេញចូលតែមួយ ចំនួន៣នៅថ្នាក់ក្រុង/ស្រុក គឺមាននៅក្រុងសៀមរាប ស្រុកពួក និងស្រុកជីក្រែង ក្នុងឆ្នាំ២០១៨នេះផងដែរនឹងបង្កើតការិយាល័យច្រកចេញចូលតែមួយចំនួន២ទៀត គឺនៅស្រុកសូទ្រនិគម និងស្រុកក្រឡាញ់។
លោកបានគូសបញ្ជាក់ថា ក្នុងវិស័យទាំង១៤នេះ គឺ១៖ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង), ២៖ការងាររដ្ឋបាល, ៣៖វិស័យសុខាភិបាល, ៤៖វិស័យទេសចរណ៍, ៥៖វិស័យសាធារណការ និងដឹកជញ្ជូន, ៦៖វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, ៧៖វិស័យព័ត៌មាន, ៨៖វិស័យបរិស្ថាន, ៩៖វិស័យឧស្សាហកម្ម និងសិប្បកម្ម, ១០៖វិស័យរ៉ែ និងថាមពល, ១១៖វិស័យពាណិជ្ជកម្ម, ១២៖វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ១៣៖វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង១៤៖ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សេវាតាមវិស័យនីមួយៗ ត្រូវអនុត្តតាមការកំណត់ក្នុងតារាងឧបសម្ព័ន្ធ នៃប្រកាសអន្តរក្រសួង រវាងក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្របខ័ណ្ឌពេលវា និងតម្លៃសេវារដ្ឋបាល ដែលមានសេវាសរុបចំនួន ជាង៣៧០សេវារដ្ឋបាល។
លោក ឃឹម ប៊ុនសុង ក៏បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ ស្វែងរកព័ត៌មានបន្ថែមទាក់ទង និងសេវារបស់អង្គភាព នៃច្រកចេញចូលតែមួយតាមវិស័យ និងតាមសេវារដ្ឋបាល នៅថ្នាកក្រោមជាតិទាំងនេះ ដើម្បីទទួលបានសេវាឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងគិតគូរប្រកបដោយគតិបណ្ឌិត ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍនូវគោលនយោបាយប្រទេស ប្រកបដោយនិរន្តរភាព៕